(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «នីតិវិធីរៀបចំ និងអនុវត្តន៍ថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» ជូនមន្ត្រីរាជការ ចំនួន១៨៤នាក់ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានីខេត្ត ចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានកិច្ចសហការរៀបចំពីវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី «នីតិវិធីរៀបចំ និងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» ត្រូវបានរៀបចំឡើងមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្គាឌិនស៉ីធី រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនោះ លោកអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់អោយអនុវត្តជាផ្លូវការក្នុងឆ្នាំ២០០៤ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ «ភាពជឿទុកចិត្តនៃថវិកា» ក្នុងដំណាក់កាលទី១ និង «គណនេយ្យភាពហិរញ្ញវត្ថុ» នៅក្នុងដំណាក់កាលទី២។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» អាទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២០ មុននឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ «គណនេយ្យភាពសមិទ្ធកម្ម»

ជារួមការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបរបបនៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែការងារនេះ គឺជាអភិក្រមដ៏សំខាន់បំផុតមួយ នៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការដឹកនាំផងដែរ ហើយយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកានេះ ក៏បានចង្អុលឱ្យមានការរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ផងដែរ ដើម្បីប្រែក្លាយជាប្រព័ន្ធ ថវិកាជាតិពេញលេញ និងតែមួយ ហើយវាក៏ជាចំណុចចាប់ផ្តើមនៃដំណើរវែងឆ្ងាយបន្តទៀត នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៥ ដែលការណ៍នេះ តម្រូវឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និងសកម្មរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីធានាបានជោគជ័យបន្តទៀតនៅក្នុងការងារដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ។

លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និងអនុវត្តឱ្យមានលក្ខណៈជាប្រព័ន្ធ ប្រមូលផ្តុំ និង គ្រប់ជ្រុងជ្រោយ ស្របតាមស្មារតី នៃផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ សំដៅធានាប្រសិទ្ធភាព និងគុណភាពនៃការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាព ពោលគឺធ្វើឱ្យមន្ត្រីរាជការទាំងនោះ មានចំណេះដឹង ជំនាញវិជ្ជាជីវៈ និងគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ចូលរួមចំណែក ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសការអនុវត្តយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព។

លោក ពេជ្រ សម្បត្តិ បានបញ្ជាក់បន្ថែមថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ជានិច្ចលើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគាំទ្រគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨កន្លងទៅ ដើម្បីបំពេញតម្រូវការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាព ជាបន្តបន្ទាប់ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ លើការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ដោយសម្រេចបណ្តុះបណ្តាល សិក្ខាកាមគោលដៅសរុបបានចំនួន ១៥.០៩២នាក់។

បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាននិងកំពុងបន្តយុទ្ធនាការ បណ្តុះបណ្តាលលើវគ្គជំនាញបច្ចេកទេស សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ ១០៤៥នាក់ ដែលជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ, មន្ត្រីគ្រប់គ្រងថវិកា, រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករបុរេប្រទានរង, រជ្ជទេយ្យករចំណូល, រជ្ជទេយ្យករចំណូលរង, មន្ត្រីទទួលបន្ទុកកិច្ចការលទ្ធកម្មសាធារណៈ និងមន្ត្រីរាជការដែលបំពេញការងារពាក់ព័ន្ធ នៃអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ទន្ទឹមនឹងសិក្ខាសាលា បណ្តុះបណ្តាលចាំបាច់មួយចំនួនទៀត ដែលត្រូវរៀបចំឡើងសម្រាប់ឆ្នាំ២០១៩ ឆ្លើយតបនឹងតម្រូវពិសេសដោយឡែក របស់ក្រសួងស្ថាប័ន។

លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី «នីតិវិធីរៀបចំ និងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ» នាពេលនេះ ពិតជាមានសារសំខាន់, ចាំបាច់ និងទាន់ពេល ព្រោះថាគ្រប់ប្រធានបទទាំងអស់ គឺសុទ្ធតែជាមេរៀនដែលមន្ត្រីរាជការ របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតីយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥។ ជាមួយនេះ លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់នៃសិក្ខាសាលាបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងបទពិសោធន៍ឱ្យបានសកម្ម និងផុលផុស ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ។

លោក ពេជ្រ សម្បត្តិ ក៏បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ថែមទៀតជូនដល់មន្រ្តីរាជការ នៃអង្គភាពថវិការបស់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រួមចំណែកពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងផលិតភាពខ្ពស់ផងដែរ៕