(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកញ្ញា នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក លោកស្រី ជាមន្ត្រីរាជការ ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ជាង៧០រូប។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានក្រើនរំលឹកមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសស្ថាប័នច្រកចេញចូលតែមួយខេត្ត និងមន្ទីរសូរិយោដីខេត្ត ត្រូវសហការគ្នា ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ ក្រោយពីបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋជាច្រើនខែ និងឆ្នាំមកហើយ មិនទាន់មានការចេញប័ណ្ណកម្មសិទ្ធិ។ ចាំបាច់ត្រូវតែកែសម្រួលឡើងវិញ ពោលគឺមិនអាចឱ្យការងារបម្រើសេវាជូនប្រជាពលរដ្ឋនៅយឺតយ៉ាវ បន្តទៀតឡើយ។

លោកអភិបាលខេត្ត បន្តទៀតថា អង្គភាពច្រកចេញចូលតែមួយត្រូវបម្រើការងារជូនអ្នកមកទទួលសេវាឱ្យបានឆាប់រហ័សស្របតាមនីតិវិធីច្បាប់ ដែលបានកំណត់។

ក្នុងករណីការងារផ្នែកវិស័យណាមួយមានភាពរាំងស្ទះត្រូវ រាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកអភិបាលខេត្តថា រូបលោក បានលើកឡើងក្នុងអង្គប្រជុំ ជារឿយៗ កន្លងមកថា អ្នកមកទទួលសេវា ពិសេសប្រជាពលរដ្ឋ ដែលត្រូវការបណ្ណកម្មសិទ្ធិដីធ្លី ដើម្បីយកទៅប្រើប្រាស់ក្នុងភាពចាំបាច់តែងរអ៊ូរទាំ អំពីការលំបាកចំពោះបញ្ហានេះ។

ជាក់ស្តែង របាយការណ៍ចំនួនពីរ ដែលរូបលោកបានទទួលមានភាពខុសគ្នា ដោយខាងមន្ទីរសុរិយោដីថាសំណុំឯកសារដែលទទួលបានមាន ៥០០ ទៅ៦០០ ប៉ុន្តែខាងអង្គភាពច្រកចេញចូលតែមួយថាមានជាង១.០០០។ បញ្ហានេះបណ្តាលមកពីខ្វះការទំនាក់ទំនងរវាងគ្នា និងគ្នា។ មន្ត្រីច្រកត្រូវសួរនាំមើលថាបើដាក់ចូលហើយ តើចេញទៅវិញតាមណា?។ ជាធម្មតា ចូលតាមណា ត្រូវចេញតាមហ្នឹង នោះទើបតួលេខត្រូវគ្នា។ គោលការណ៍ មានស្រាប់ហើយគឺច្រកចេញចូលតែមួយ មានមន្ទីរជំនាញស្ថិតនៅពីក្រោយ។ ដូច្នេះ អង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញសុរិយោដីខេត្ត ត្រូវសហការឱ្យបានល្អរវាងគ្នាទើបបានដំណើរការរលូនទៅមុខបានល្អ។ មិនអាចឯកសារចូលតាមច្រកហើយ ពេលចេញទៅវិញតាមរយៈមន្ទីរ នោះទេ គឺការងារនឹងមិនស៊ីសង្វាក់គ្នាទេ។ ពីពេលនេះទៅ អ្នកដែលធ្វើការងារល្មើសទៅនឹងគោលការណ៍ត្រូវតែមានវិធានការជាចាំបាច់៕