(ភ្នំពេញ)៖ វាពិតជាគួរឲ្យកត់សម្គាល់ណាស់ សម្រាប់ដំណើរជីវិតនយោបាយរបស់លោក សម រង្ស៊ី នៅត្រង់ថា មានមន្ត្រី សកម្មជន និងអ្នកគាំទ្រ ជាពិសេសអ្នកដែលស្មោះស័្មគ្រជាមួយគាត់ និងនៅក្បែរគាត់តែងជួបប្រទះទុក្ខសោក និងក្តីវិនាសអន្តរាយដោយសារតែរូបគាត់ជាអ្នកបង្កើតឡើង។ អ្នកខ្លះស្លាប់ អ្នកខ្លះរងរបួស អ្នកខ្លះជាប់គុក អ្នកខ្លះត្រូវនិរាស ប្រាស់ព្រាត់ក្រុមគ្រួសារ និងស្រុកទេស ចំណែកអ្នកខ្លះទៀតធ្លាក់ខ្លួនក្រតោកយ៉ាក...ដោយសារតែដើរតាមនយោបាយរបស់លោក សម រង្ស៊ី។

ខ្ញុំកត់សំគាល់ជាច្រើនឆ្នាំណាស់មកហើយថា គ្មានសកម្មជន ឬមន្ត្រីអ្នកស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ណាម្នាក់បានទទួលពរជ័យ និងស្គាល់ភាពចម្រុងចម្រើនក្នុងជីវិតនយោបាយ ជីវិតការងារ ឬក្នុងរបររកស៊ីរបស់ខ្លួនសោះឡើយ។

ដើម្បីមើលឲ្យឃើញបញ្ហានេះកាន់តែច្បាស់ យើងអាចក្រឡេកថយក្រោយបន្តិចទៅមើលដំណើរជីវិតនយោបាយរបស់លោក សម រង្ស៊ី តាំងពីចាប់ផ្តើមដំបូង។ ក្រោយការបណ្តេញចេញ ពីគណបក្សហ្វ៊ុនស៊ិនប៉ិច លោក សម រង្ស៊ី បានទៅបង្កើតគណបក្សនយោបាយថ្មីមួយកាលពីឆ្នាំ១៩៩៥ ដែលមានឈ្មោះថា គណបក្សជាតិខ្មែរ។ មិនបានប៉ុន្មានឆ្នាំផង គណបក្សនេះក៏ត្រូវបែកបាក់ ខ្ទេចខ្ទីដោយសារជម្លោះផ្ទៃក្នុងដែលបង្ខំឲ្យលោក សម រង្ស៊ី រត់ទៅបង្កើតបក្សថ្មីមួយទៀតដោយដាក់ឈ្មោះខ្លួនឯងគឺ គណបក្ស សម រង្ស៊ី។

ដោយសារតែមិនដែលទទួលជោគជ័យ ក្នុងការបោះឆ្នោតម្តងណាសោះនោះ លោក សម រង្ស៊ី ក៏សម្រេចចិត្តដោយបង្ខំក្រោមការចង្អុលបង្ហាញរបស់បរទេស ទៅបង្កើតគណបក្សសង្គ្រោះជាតិ ជាមួយលោក កឹម សុខា ដោយសុខចិត្តដាក់ហ៊ុនស្មើគ្នាជាមួយលោក កឹម សុខា បើទោះបីជាគណបក្សរបស់ខ្លួនមានដល់ ទៅ ២៦ កៅអី ខណៈដែលគណបក្សសិទ្ធិមនុស្សរបស់ លោក កឹម សុខា មានតែ៣កៅអីប៉ុណ្ណោះក៏ដោយ។ ទីបំផុតគណបក្សសង្គ្រោះជាតិក៏ត្រូវបានតុលាការកំពូលរំលាយចោលទៀត ដោយសារតែកំហុសធ្ងន់ធ្ងររបស់មេដឹកនាំ គណបក្សនេះសំដែងនូវអំនួតក្អេងក្អាង ភ្លាត់មាត់ និងពុលទឹកមាត់និយាយរឿងដែលមិនត្រូវនិយាយ។ គេអាចសន្និដ្ធានបានថា គ្មានគណបក្សណាមួយដែលស្ថិតក្រោមការដឹកនាំរបស់លោក សម រង្ស៊ី បានសុខនិងបានជោគជ័យទាល់តែសោះ។ វាសនារបស់គណបក្សទាំងនោះ គឺទីបំផុតត្រូវរលាយ។

យើងងាកមកមើលវាសនារបស់មន្ត្រីជិតស្និទ្ធ ព្រមទាំងសកម្មជន និងអ្នកគាំទ្រលោក សម រង្ស៊ីវិញ ក៏ជួបប្រទះតែវាសនាអាក្រក់គ្រប់ៗគ្នាដែរ។ លោក កឹម សុខា ដែលពីមុនជាសត្រូវស៊ីសាច់ហុតឈាមរបស់លោក សម រង្ស៊ី តែ ក្រោយមកយកខ្លួនបៀតលោក សម រង្ស៊ី ក៏ជួបប្រទះនឹងវាសនាអាក្រក់យ៉ាងខ្លាំង។ មន្ត្រីនៅក្បែរលោក សម រង្ស៊ី មួយចំនួនដែល ពីមុនធ្លាប់មានជីវិតសប្បូរសប្បាយ លុយចាយមិនខ្វះ ក៏ធ្លាក់ខ្លួនក្រជាបន្តបន្ទាប់ក្រោយពីសេពគប់ជាមួយលោក សម រង្ស៊ី រហូតដល់ទីបំផុតដឹងខ្លួនក៏សម្រេចចិត្តដកខ្លួននៅឲ្យឆ្ងាយពី សម រង្ស៊ី ។ ករណីលោក លន់ ភន់ និងមនុស្សជាច្រើនទៀតគឺជាឧទាហរណ៍ស្រាប់។

អ្នកក្រៅពីនោះដែលមានប្រវត្តិជិតស្និទ្ធជាមួយលោក សម រង្ស៊ី ក៏ទទួលជោគវាសនាមិនខុសគ្នាដែរ។ បើមិនស្លាប់ក៏ជាប់គុក បើមិនជាប់គុកក៏រត់ចោលស្រុក និងនិរាស ប្រាស់ព្រាត់គ្រួសារ និងហិនហោចទ្រព្យសម្បត្តិដោយចៀសមិនផុត។ ចំណែកឯសកម្មជន និងអ្នកគាំទ្រថ្នាក់មូលដ្ឋានឯណោះវិញក៏ មានវាសនាប្រហាក់ប្រហែល ឬដូចគ្នាដែរ។ សកម្មជន និងអ្នកគាំទ្រខ្លះដែលចាញ់បោកលោក សម រង្ស៊ី ឲ្យមកធ្វើបាតុកម្មហិង្សានៅភ្នំពេញ អ្នកខ្លះត្រូវបានសមត្ថកិច្ចចាប់ខ្លួន អ្នកខ្លះរងរបួស ខណៈអ្នកខ្លះទៀតលក់ស្រូវ លក់ជ្រូក លក់មាន់ទា គោអំពែ លក់រហូតដល់ឆ្កែដើម្បីយកលុយឡើងមកភ្នំពេញ ចូលរួមបាតុកម្មបម្រើនយោបាយឲ្យលោក សម រង្ស៊ី ។

ទីបំផុត អ្នកទាំងនោះធ្លាក់ខ្លួនក្រកាន់តែខ្លាំងហើយវិលត្រឡប់ទៅស្រុកវិញដោយអស់សង្ឃឹមបន្ទាប់ពីលោក សម រង្ស៊ី សម្រេចចូលអង្គុយក្នុងសភាធ្វើព្រងើយ។ បច្ចុប្បន្ននេះ មន្ត្រីអ្នកនៅជិតស្និទ្ធជាមួយលោក សម រង្ស៊ី ក៏កំពុងរងទុក្ខទោស និរាសប្រាស់ព្រាត់ដូចគ្នាដែរ។ ជាក់ស្តែង លោក អេង ឆៃអ៊ាង ដែលកាលនៅស្រុកខ្មែរធ្លាប់មានលុយចាយ សប្បាយហ៊ឺហា ស្រីញី និងលេងល្បែងកាស៊ីណូតាមចិត្ត ឥឡូវធ្លាក់ខ្លួនប្រាស់ព្រាត់គ្រួសារក្លាយជាជនពនេចរអនាថានៅក្រៅប្រទេស។

លោកស្រី មួរ សុខហួរ ដែលធ្លាប់ជាស្ត្រីមានមុខមាត់ក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច រហូត មានឋានៈតួនាទីដល់ទៅរដ្ឋមន្ត្រីក្រសួងកិច្ចការនារី តែបន្ទាប់ពីយកខ្លួនទៅបៀតជាមួយលោក សម រង្ស៊ី ក៏ធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំងស្ទើរតែមើលលែងស្គាល់។ លោក ហូរ វ៉ាន់ ដែលកាល នៅស្រុកខ្មែរមានលុយចាយ មានប្រពន្ធលួចលាក់ជាស្រីក្មេងៗជាច្រើន ឥឡូវក៏ក្លាយជាមនុស្សដាច់យ៉ៃ ទាល់ច្រក គ្មានទិសដៅ។ មនុស្សមួយចំនួនទៀត ដែលខ្ញុំមិនបានរាប់ឈ្មោះអស់ក៏ទទួលជោគវាសនាដូចគ្នាដែរ។ អ្នកខ្លះដែលដឹងខ្លួនទាន់ថា នៅជាមួយលោក សម រង្ស៊ី គ្មានកំណើតក៏ដកខ្លួនដោយ
ស្ងៀមស្ងាត់ ដូចជាលោក យឹម សុវណ្ណ លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ជាដើម។

និយាយដោយខ្លី មនុស្សប្រភេទលោក សម រង្ស៊ី ត្រូវបានចាស់បូរាណហៅថា ជាប្រភេទមនុស្ស ចង្រៃ ឬជាជនពាលដែលតែង នាំទុក្ខដល់អ្នកទាំងឡាយណាដែលសេពគប់ជាមួយគាត់ ដូចពាក្យចាស់បូរាណពោលថា សេពគប់មនុស្សល្អបានសុខ សេពគប់ជាមួយមនុស្សពាលនឹងទទួលក្តីវិនាស។

លោក សម រង្ស៊ី ធៀបនឹងលោក កឹម សុខា មានចរិតខុសគ្នាស្រឡះ នៅត្រង់ថា លោក កឹម សុខា ជាមនុស្សហ៊ានទទួលខុសត្រូវ ហើយសុខចិត្តទទួលទោសកំហុសដោយខ្លួនឯង ដោយមិនរត់ចោលបញ្ហា ហើយរុញឲ្យសកម្មជនទទួលជំនួសដូចលោក សម រង្ស៊ី ឡើយ។ តែបើធៀបជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺខុសគ្នាដាច់ដូចមេឃនិងដី នៅត្រង់ថា លោក សម រង្ស៊ី នាំទុក្ខទោស និងភាពក្តៅក្រហាយដល់សកម្មជន អ្នកគាំទ្រ ចំណែកឯនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកនយោបាយដែលនាំ សន្តិភាព ភាពត្រជាក់ត្រជុំ និងចម្រុងចម្រើនដល់ពលរដ្ឋ និងប្រទេសជាតិ ហើយសុខចិត្តពាំងការពារភាពសុខសានរបស់ប្រជាពលរដ្ឋទោះជាក្នុងតម្លៃណាក៏ដោយ។

ហេតុអ្វីលោក សម រង្ស៊ី ជាមនុស្សដែលតែងតែនាំទុក្ខដល់អ្នកនៅជុំវិញខ្លួន? បើបកស្រាយតាមបែបជំនឿសាសនា លោក សម រង្ស៊ី ជាមនុស្សដែលមានឈាមជ័រជាបុគ្គលពាលជាប់នឹងខ្លួនពីកំណើត។ មនុស្សប្រភេទនេះ បូរាណទូន្មានថា កុំយកខ្លួនបៀត ព្រោះបើអ្នកណាហ៊ានយកខ្លួន បៀតនឹងនាំទុក្ខទោស និងនាំក្តីវិនាសអន្តរាយដល់ខ្លួនជាក់ជាមិនខាន។ បើពិនិត្យមើលសកម្មភាពជាក់ស្តែងវិញ លោក សម រង្ស៊ី ជាមនុស្សដែលចូលចិត្តបង្ករឿង ហើយមិនទទួលខុសត្រូវខ្លួនឯងតែបែរជារុញអ្នកផ្សេងឲ្យទទួលថ្មបាក់ជំនួស។ ក្នុងដំណើរជីវិតនយោបាយរបស់លោក សម រង្ស៊ី ជាងពីរទសវត្សរ៍ចុងក្រោយគឺពិតជាយ៉ាងដូច្នេះមែន។ ជំនាញរបស់លោក សម រង្ស៊ី គឺចាក់រុក ញុះញង់ បង្កកំហឹង និងជម្លោះ បន្ទាប់ពីកើតរឿងក៏រត់ចោលស្រុកបាត់ ហើយទុកឲ្យសកម្មជន និងអ្នកគាំទ្រទទួលថ្មបាក់ជំនួសខ្លួន។

សម រង្ស៊ី ទៅដល់ណា មានសកម្មជន អ្នកគាំទ្រនៅទីនោះជួបទុក្ខលំបាក។ ពេលគាត់ទៅព្រំដែន គាត់នាំអ្នកគាំទ្រទៅដកបង្គោលព្រំដែនដែលជាអំពើល្មើសច្បាប់ ហើយ សម រង្ស៊ីរត់បាត់ទុកឲ្យសកម្មជនរបស់ខ្លួនទទួលទោសជំនួស។ ពេលធ្វើបាតុកម្ម លោកសម រង្ស៊ី បញ្ជាឲ្យសកម្មជន អ្នកគាំទ្រប្រើហិង្សា វាយកម្ទេច ដុតបំផ្លាញ ដែលជាអំពើល្មើសច្បាប់ រួចហើយលោក សម រង្ស៊ី ក៏រត់ទៅក្រៅប្រទេសបាត់ដោយទុកឲ្យសកម្មជននិងអ្នកគាំទ្រផ្កាប់មុខទាំងនោះទទួលទោសជំនួស។ គ្រប់ករណីទាំងអស់មានសណ្ឋានដូចគ្នាបេះបិត។

ឥឡូវនេះ លោក សម រង្ស៊ី កំពុងនាំទុក្ខទោសដល់មន្ត្រីដែលនៅក្បែរខ្លួន និងសកម្មជនអ្នកគាំទ្រនៅក្នុងប្រទេសតាមរយៈការញុះញង់ឲ្យពួកគេប្រព្រឹត្តខុសច្បាប់តាមផែនការរដ្ឋប្រហារដែលត្រូវ ប្រឈមមុខនឹងទោសទណ្ឌ ចំណែករូបលោក សម រង្ស៊ី ផ្ទាល់កំពុងប្រមូលលុយរស់នៅយ៉ាងស្រួលឯក្រៅប្រទេស។ ជាទូទៅ នៅមុនធ្វើសកម្មភាពអ្វីមួយ លោក សម រង្ស៊ី បង្កើតកំហុសនៃអំពើនោះទុកជាមុនដើម្បីឲ្យសកម្មជន អ្នកគាំទ្របស់ខ្លួនធ្លាក់ក្នុងរណ្តៅនោះពីព្រោះលោក សម រង្ស៊ី យល់ថា ទុក្ខសោករបស់សកម្មជន និងអ្នកគាំទ្រគាត់គឺជាផលចំណេញខាង នយោបាយសម្រាប់រូបគាត់។ ហេតុនេះហើយបានជាលោក សម រង្ស៊ី មិនដែលញញើតក្នុងការប្រកាសផែនការខុសច្បាប់រួចហើយញុះញង់ឲ្យសកម្មជនអ្នកគាំទ្រធ្វើតាមដើម្បីឲ្យពួកគេ ធ្លាក់ក្នុងអន្ទាក់។ ផែនការរដ្ឋប្រហារដ៏អាក្រក់នៅថ្ងៃទី ៩ វិច្ឆិកាគឺជាឧទាហរណ៍ចុងក្រោយមួយ។

ប៉ុន្តែ ទីបំផុត នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ សម រង្ស៊ី នឹងមិនមកស្រុកវិញដូចការប្រកាសនោះឡើយ។ ចំណែកអ្នកដែលជឿលង់តាមការឃោសនារបស់លោក សម រង្ស៊ី ក៏ទីបំផុតក៏ធ្លាក់ក្នុងអន្ទាក់លោក សម រង្ស៊ី មែន ហើយពួកគេមានតែការសោកស្តាយ ខកចិត្ត ដោយសារតែការទទួលទោសជំនួសលោក សម រង្ស៊ី តែប៉ុណ្ណោះ។ ទាំងនេះគឺជាការពិតដែលមិនអាចប្រកែកបានឡើយ ហើយដែលបញ្ជាក់ថា លោក សម រង្ស៊ី ពិតជាមនុស្សដែលនាំទុក្ខដល់អ្នកនៅជុំវិញខ្លួនពិតប្រាកដមែន។ មនុស្ស
បែបនេះបើបណ្តោយឲ្យដឹកនាំប្រទេសវិញ ច្បាស់ជាវិនាសអន្តរាយដូចសម័យខ្មែរក្រហមជាក់ជាមិនខានឡើយ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

Advertising