(ភ្នំពេញ)៖ មនុស្សរាប់ពាន់នាក់ ទាំងអ្នកចូលរួមទស្សនា អ្នកទិញអចលនទ្រព្យ អ្នកវិនិយោគ ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍បានប្រមូលផ្តុំគ្នានៅសណ្ឋាគារណាហ្គាវើលកាលពីចុងសប្តាហ៍ថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ ២០១៩នេះ នៅឯការតាំងពិព័រណ៍អចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុន Realestate.com.kh។

ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ជាវេទិកាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយវេទិកានេះមាន គោលដៅសំខាន់បំផុត ក្នុងការនាំយកអ្នកទិញឲ្យជួបផ្ទាល់ជាមួយអ្នកលក់។

លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អចលនទ្រព្យមួយនេះ ជាការតាំងបង្ហាញដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់កម្ពុជានៅឆ្នាំនេះ។

លោក O’Sullivan បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ យើងពិតជាទទួលបានជោគជ័យបំផុតក្នុងការលក់អចលនទ្រព្យ។

លោកបន្តថា «ខណនេះយើងកំពុងធ្វើការបូកសរុបលទ្ធផលចុង ក្រោយ ក៏ប៉ុន្ដែយើងប្រាកដច្បាស់ថា ចំនួនអ្នកចូលរួម គឺមានការកើនឡើងទ្វេដង បើប្រៀបធៀបជាមួយ ព្រឹត្តិការណ៍កាលពីឆ្នាំមុន ហើយវាបានបំបែកកំណត់ត្រានៃការលក់អចលនទ្រព្យ ដែលមានចំនួន ៣០លានដុល្លារកាលពីពិព័រណ៍ឆ្នាំ២០១៨ ដោយតាមរយៈព័ត៌មានបឋមរបស់យើងបង្ហាញថាចំនួននៃការលក់អចលនទ្រព្យក្នុងកំឡុងពេលពិព័រណ៍នោះ គឺមានចំនួនលើសពី ៤០លានដុល្លារហើយ»

ពិព័រណ៍អចលនទ្រព្យកម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងល្អ និង បានទទួលការគាំទ្រកាន់តែខ្លាំងឡើង ដោយសារពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំដោយ គម្រោងធំៗ អ្នកជំនាញល្បីៗក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ ភ្នាក់ងារ ស្ថាប័នហិរញ្ញវត្ថុ អ្នកជំនាញផ្នែកច្បាប់ អ្នកវិនិយោគក្នុងស្រុកនិងអន្តរជាតិ និងអ្នកទិញផ្ទះជាច្រើននាក់។

អ្នកជំនាញអចលនទ្រព្យ និងអ្នកច្បាប់ជាង ២០នាក់ បានធ្វើបទបង្ហាញអំពីប្រធានបទនានាជុំវិញទីផ្សារ និង និន្នាការបច្ចុប្បន្ននៃវិស័យអចលនទ្រព្យ។

ក្នុងនោះមានដូចជា លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Group ដែលបានថ្លែងសុន្ទរកថាបើកកម្មវិធី លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស៊ីភីអិល បណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate លោកស្រី Catherine Chan នាយកប្រតិបត្តិរបស់គម្រោង Urban Village និងលោក Li Min នាយកប្រតិបត្តិ ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប ជាដើម។

លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE កម្ពុជា ដែលជាវាគ្មិនម្នាក់នៅក្នុងសិក្ខាសាលា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អ និងមានអ្នកចូលរួមច្រើន ហើយក្រុមហ៊ុន CBRE កម្ពុជានឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយ។អចលនទ្រព្យជាច្រើនលក់ដាច់ភ្លាមៗនៅក្នុងពិព័រណ៍ផ្ទាល់»។

លោក Li Yan Jin អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន Prince Huan Yu Real បានឲ្យដឹងថា ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group បានលក់អចលនទ្រព្យរបស់ខ្លួនចំនួនច្រើនជាង ៧០ យូនីត ដែលមានតម្លៃសរុបជាង ១៥ លានដុល្លារ។

លោក Li បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានលក់ការិយាល័យសរុបចំនួន ៤៨ យូនីតនៃគម្រោង Prince Huan Yu Center នៅឯទីក្រុងភ្នំពេញ និងខុនដូចំនួន ២៤ យូនីតនៃគម្រោង Prince Golden Bay នៅខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏ទទួលបានអ្នកចាប់អារម្មណ៍ទិញគម្រោង របស់ខ្លួនចំនួន ១៦៨ នាក់ ដែលក្នុងនោះ ៦៨នាក់ជាប្រជាជនកម្ពុជា។

ចំណែកក្រុមហ៊ុន Morgan Groupវិញបានលក់ខុនដូចំនួន ៥០ យូនីតនៃគម្រោង Morgan EnMaison។ ការលក់នេះមានតម្លៃសរុបប្រហែល ៧.៥ លានដុល្លារ ក្នុងនោះខុនដូ ១៧ យូនីត ត្រូវបានទិញដោយ ប្រជាជនកម្ពុជា តាមការបញ្ជាក់ដោយ លោក Yao Chao អ្នកគ្រប់គ្រងផែនការរបស់ Morgan Group។

គម្រោង Toul Kork Lane ក៏បានលក់ចំនួនពីរដែរ ដែលមានតម្លៃជិត ១៣ ម៉ឺនដុល្លារ។

ពិព័រណ៍ Realestate.com.kh ឆ្នាំ ២០១៩ មានការគាំទ្រពីក្រុមហ៊ុន LukFook Jewellery Cambodia ដែលជាក្រុមហ៊ុនគ្រឿងអលង្ការមានមូលដ្ឋាននៅហុងកុងដែលមានហាងលក់រាយរាប់ពាន់កន្លែងនៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍។

ក្រៅពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗទៀត ហើយពិព័រណ៍អចលនទ្រព្យនេះ មានអ្នកអភិវឌ្ឍន៍ចូលរួមជាច្រើនផងដែរ៕