(កំពង់ចាម)៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញប្រកាសមួយបង្ហាញអំពីការចោទប្រកាន់លើបុរស ២នាក់ ពាក់ព័ន្ធនឹងបទល្មើសក្បត់ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

តំណាងអយ្យការបានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ ដុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ និងឈ្មោះ ហម វុទ្ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ(គេចខ្លួន) ពីបទ រួមគំនិតក្បត់-តាមបញ្ញត្តិ មាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះឈ្មោះ ដុង សុវណ្ណារិទ្ធ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វើការឃុំខ្លួនបណ្តោះអាសន្នចំណែកឯឈ្មោះ ហម វុទ្ធី បានរត់គេចខ្លួន។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ ដុង សុវណ្ណរិទ្ធ និងឈ្មោះ ហម អ្វីដែលបានចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី ដើម្បីឈានទៅចូលរួមសកម្មភាព ផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្សី និងបក្ខពួក។

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឈ្មោះ ហម វុទ្ធី ត្រូវបាន សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាប់ខ្លួន និងធ្វើការបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់-ពីបទរួមគំនិតក្បត់ ដែលអាចមានទោសពី ០៥ (ប្រាំ) ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចពីទោសតាមបទប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៖

ដុង សុវណ្ណារិទ្ធ

ហម វុទ្ធី 

Advertising