(កណ្ដាល)៖ លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមបើកកិច្ចប្រជុំស្ដីពី ការត្រូវបានពិនិត្យលទ្ធផល និងជំរុញសកម្មភាពការអនុវត្ដការងារកិច្ចការពារកុមារនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់ថា នគរបាលនឹងខិតខំបន្ថែមទៀត លើការងារកិច្ចការពារកុមារនេះព្រោះថា ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០១៩ នេះបញ្ហារបស់កុមារនៅមូលដ្ឋាន ក្នុងខេត្តកណ្ដាល នៅតែជាបញ្ហាដែលជាក្តីបារម្មណ៍។ ក្នុងនាមយើងជានគរបាល យើងត្រូវតែបន្ត សហការជាមួយក្រុមគ្រួសារ, អាជ្ញាធរមូលដ្ឋាន និងអង្គការ សមាគមនានា ដើម្បីឲ្យបញ្ហានេះទទួលបានប្រសិទ្ធភាពល្អឡើងវិញផងដែរ។

លោកស្រីឧត្ដមសេនីយ៍ត្រី ឈឹម វណ្ណី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ ក្រុមជនបង្គោលបានធ្វើសកម្មភាពចុះផ្សព្វផ្សាយតាមសាលារៀនបានចំនួន៤៥លើក មានអ្នកចូលរួមចំនួន១៧៥៣នាក់ ប្រុស៧៥៣នាក់, ចុះផ្សព្វផ្សាយតាមខ្នងផ្ទះចំនួន១០៦លើក ប្រជាពលរដ្ឋចូលរួមចំនួន៩៤៤នាក់ ប្រុស៤២០នាក់។ ក្រៅពីនោះ ក្រុមជនបង្គោល បានធ្វើការផ្សព្វផ្សាយដល់មណ្ឌលកុមារកំព្រា បានចំនួន៣មណ្ឌលផងដែរ មានកុមារចំនួន៣៨៥នាក់ ប្រុស១៤៤នាក់។

លោកស្រី បានលើកពីបញ្ហាប្រឈមយ៉ាងដូច្នេះថា កុមារដែលនៅក្រោមស្ពានមិត្ដភាពកម្ពុជា-ជប៉ុន សំបូរទៅដោយកុមារហិតកាវ អង្គការមិត្ដសម្លាញ់យកទៅដើម្បីបណ្ដុះបណ្ដាលដែរតែពួកគេមិនព្រម ហើយពេលចុះផ្សព្វផ្សាយដល់ខ្នងផ្ទះសាម៉ីខ្លួនមិននៅផ្ទះ ដោយសារគាត់ដើរលេងមិនចូលផ្ទះ រីឯឪពុកម្ដាយ ឬអាណាព្យាបាលខ្លះដែលគ្មានលទ្ធភាពមិនព្រមបញ្ជូនកូនទៅមណ្ឌលទេ មូលហេតុទុកឲ្យកូនដើរសុំទានដើម្បីធ្វើអាជីវកម្ម។ ចំពោះបញ្ហាប្រឈមទាំងនេះការគ្រប់គ្រងរបស់សមត្ថកិច្ច គឺបានត្រឹមតែប្រមូលពួកគេឲ្យទៅសង្គមកិច្ចតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ថា ត្រូវបន្តខិតខំបំពេញភារកិច្ចក្នុង នាមយើងជាកងកម្លាំងនគរបាលជាតិ អ្វីៗដែលយើងមានមក ដល់ពេលនេះយើងត្រូវតែបន្តថែរក្សាឲ្យបានល្អ ជាពិសេសសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលសមិទ្ធិផលទាំងអស់នេះ គឺបានមកដោយការលះបង់គ្រប់ បែបយ៉ាងរបស់ប្រមុខដឹកនាំរបស់យើង គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាឥស្សរជននយោបាយសំខាន់ៗផ្សេងទៀត ដែលលោកខិតខំពុះពារការលំបាក ឧបសគ្គគ្រប់បែបយ៉ាងចាប់តាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះ គឺមិនអាចឲ្យជនណាមួយឬក្រុមណាមួយមកបំផ្លិចបំផ្លាញបានឡើយ៕