(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបន្តព្រមានបិទដេប៉ូលក់ខ្សាច់ និងចាប់ឡានដឹកខ្សាច់ណា ដែលនៅតែបំពាន និងល្មើសច្បាប់។ បើមិនចង់ខុសច្បាប់ សូមកុំដឹកលើសចំណុះ កុំដឹកខ្សាច់សើម ត្រូវលាងកង់ឡានឲ្យស្អាត គ្របតង់ឲ្យជិត ពិសេសគឺកុំឲ្យមានខ្សាច់ជាប់កន្ទុយឡាន ដែលហូរកំពប់លើថ្នល់ជាតិ។

ការព្រមានជាថ្មីរបស់អភិបាលខណ្ឌច្បារអំពៅ បានធ្វើឡើងក្នុងឱកាសលោក រួមទាំងលោក ណុប ផា អភិបាលរង និងលោក យី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ
ព្រមទាំងក្រុមការងារជាប្រជាការពារខណ្ឌច្បារអំពៅ ចុះសម្អាតផ្លូវថ្នល់ដែលពោរពេញទៅដោយដីខ្សាច់រាយប៉ាយលើផ្លូវ បង្កបញ្ហាបរិស្ថាននានា។

តំណាងលោក ចេង មុនីរ៉ា គឺលោក យី ធារ៉ាត់ បានប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី០៩ ខែតុលានេះថា ដោយសារតែឃើញស្ថានភាពដីខ្សាច់ ហៀរហូរកំពប់លើថ្នល់ជាតិច្រើន ដែលអាចបង្ករគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋជិះកង់ ម៉ូតូ ហើយពិសេសហុយចូលភ្នែក ចូលច្រមុះ និងអាចរអិលដួលបាន ទើបសាលាខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះមកបោសសំអាតថ្នល់ និងលើស្ពានព្រែកសំរោងឲ្យបានស្អាត។

លោក ធី រ៉ាត់ បញ្ជាក់ថា ក្រុមឡានដឹកដីខ្សាច់ជាមុខសញ្ញាធំ ដែលបង្ករឲ្យផ្លូវមានបញ្ហាបែបនេះ ខណៈលោកធ្លាប់ព្រមានក្រុមឡានដឹក និងដេប៉ូនានាដែលរកស៉ីនៅម្ដុំនេះរួចមកហើយថា កុំដឹកលើសចំណុះ កុំដឹកខ្សាច់សើម ត្រូវលាងកង់ឡានឲ្យស្អាត គ្របតង់ឲ្យជិត ពិសេសគឺកុំឲ្យមានខ្សាច់ជាប់កន្ទុយឡាន ដែលហូរកំពប់លើថ្នល់ជាតិ។

លោកថា បើសិនជាព្រមានបែបនេះហើយ ពួកគាត់នៅតែបំពាន រដ្ឋបាលខណ្ឌនឹងចាប់ឃាត់រថយន្តគាត់យកទៅពិន័យទៅតាមច្បាប់ ហើយរក្សាទុក២៤ម៉ោង។ បើសិនជាមិនរៀងចាលករណីដដែល ហើយជាឡានដដែល នោះសាលាខណ្ឌនឹងពិន័យធ្ងន់លើសដើម ហើយឡានរក្សាទុករយៈពេលមួយខែ ឬលើសនេះ។

លោក ធី រ៉ាត់ សង្កត់ធ្ងន់ថា បើសិនជាដេប៉ូខ្សាច់ណានៅតែល្មើសបំរាម សាលាខណ្ឌច្បារអំពៅ នឹងសម្រេចបិទដេប៉ូនោះចោលតែម្ដង ដោយមិនខ្វល់ថាជារបស់លោកណានោះទេ។

គួរជម្រាបថា នៅទឹកដីខណ្ឌច្បារអំពៅ ចំណុចផ្លូវជាតិលេខមួយ ផ្លូវជាតិលេខ៣៦៩-១១០ និងផ្លូវថៃហ្គឺ កំពុងកើតមានបញ្ហាដីខ្សាច់លើផ្លូវ ដែលបង្ករឡើងដោយក្រុមឡានដឹកខ្សាច់ មិនគោរពតាមបទបញ្ជា ខណៈអាជ្ញាធរខណ្ឌច្បារអំពៅ ក៏តែងតែចុះសម្អាត និងថែរក្សាបរិស្ថានតាមក្រោយ ហើយអ្នកបង្ករចេះតែបង្ករ រីឯអ្នកសម្អាតចាំតែសម្អាត។

ដល់ដំណាក់កាលនេះ សាលាខណ្ឌក្ដៅស្លឹកត្រចៀកទប់លែងបាន ក៏ចេញវិធានការក្ដៅព្រមានបិទដេប៉ូខ្សាច់ ចាប់ឃាត់ឡានទុក និងផាកពិន័យឲ្យធ្ងន់ធ្ងរ៕