(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត អមដំណើរដោយ លោក ប៉ិល កុសល អភិបាលរងខេត្ត និងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យ និងជំរុញដំណើរការសាងសង់ផ្លូវបេតុង១ ខ្សែហៅផ្លូវម្លប់ឫស្សី ដែលតភ្ជាប់បំបែក ចេញពីផ្លូវជាតិលេខ៣ ស្ថិតនៅភូមិកំពង់បាយខាងជើងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

គម្រោងផ្លូវ១ខ្សែនេះ ជាប្រភេទផ្លូវបេតុបេតុងសសៃដែក មានប្រវែងជិត៤០០ម៉ែត្រ ទទឹង៨ម៉ែត្រ មានកម្រាស់០,១៥ម៉ែត្រ ដោយប្រើប្រាស់ថវិកា បដិភាគ៥០បូក៥០ រវាងការចូលរួមពីសប្បុរសជន និងមូលនិធិសង្កាត់ក្នុងឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក ជាវ តាយ បានណែនាំជំរុញដល់អាជ្ញាធរ ក្រុង និងសង្កាត់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ រួមនិងសប្បុរសជន និងប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីជំរុញដំណើរការសាងសង់ផ្លូវ១ខ្សែនេះ បានហើយលឿនឆាប់រហ័ស នៅមុនដំណាច់ខែតុលាឆ្នាំ២០១៩នេះ ប្រកបដោយគុណភាពតាមលក្ខណៈបទដ្ឋានបច្ចេកទេសស្តង់ដារត្រឹមត្រូវ ធានាការប្រើប្រាស់បានយូរអង្វែង។

លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់អាជ្ញាធរក្រុង និងសង្កាត់ ឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះបញ្ហាសោភ័ណភាព អានាម័យ បរិស្ថាន ក្នុងក្រុងកំពត ពិសេសត្រូវយកចិត្តទុកដាក់មើលការថែទាំ និងស្ដារប្រព័ន្ធលូទឹកព្រមទាំងបំផុសចលនាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យមានការចូលរួមធ្វើការសំអាតនូវអានាម័យបរិស្ថានតាមដងផ្លូវ និងមុខផ្ទះពិសេស កាប់ស្កាព្រៃតាមដងផ្លូវដើម្បីធ្វើអោយក្រុងកំពត ប្រកបដោយសោភ័ណភាព ភាពបៃតងនិងមានអនាម័យ បរិស្ថាន ល្អស្អាត សក្តិសម ជាក្រុងនិងខេត្តទេសចរណ៍។

លោក ជាយ តាយ ក៏បានសន្យាដាក់ពង្រាយអំពូលភ្លើងតាមដងផ្លូវក្នុងក្រុងកំពតបន្ថែមទៀតអោយបានភ្លឺ តាមដងផ្លូវសំខាន់។ ពិសេសដាក់តាមដងផ្លូវនេះបន្ទាប់ពីផ្លូវមួយនេះ សាងសង់រួចដើម្បីធ្វើយ៉ាងណា ឲ្យមានសោភ័ណភាព នៃការទាក់ទាញពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បរសជន ដែលបានសហការគ្នា ចូលរួមបដិភាគបរិច្ចាគថវិកា ក្នុងការកសាងសង់ផ្លូវមួយខ្សែនេះឡើង ស្របទៅនឹងអ្វីនៃភាពរីកចម្រើរបស់ប្រទេសជាតិបច្ចុប្បន្ន ពិសេស ក្នុងក្រុង កំពត ដើម្បី បម្រើឆ្លើយតបទៅនឹងសំណូមពរតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាការចាំបាច់៕