(កណ្ដាល)៖ អគារសិក្សា១ខ្នង កម្ពស់០២ជាន់ មាន១២បន្ទប់ នៃអនុវិទ្យាល័យបឹងខ្យាង នៅឃុំបឹងខ្យង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល បានប្រារព្ធពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកណ្តាលស្ទឹង។

វិស័យអប់រំ គឺជាវិស័យមួយមានអាទិភាពខ្ពស់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ពិសេសក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រ ដោយផ្តោតលើការផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលការអប់រំ មូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់លើការកែលម្អរគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ នៃការអភិវឌ្ឍប្រទេសជាតិ។

នៅទូទាំងស្រុកកណ្ដាលស្ទឹង មានសាលារៀនគ្រប់កម្រិត ចំនួន៦៨កន្លែង ស្មើ៥៣៦ថ្នាក់ អគារសិក្សាសរុប១៥០ខ្នង ក្នុងនោះសាលាមត្តេយ្យ ១៧កន្លែង, សាលាបឋមសិក្សា ៣២កន្លែង, អនុវិទ្យាល័យ ១៦កន្លែង និងវិទ្យាល័យ ០៣កន្លែង។ អគារសិក្សារបស់សម្តេចតេជោ ហ៊ុន សែន មាន៤០ខ្នង ស្មើ២១០បន្ទប់ និងមានសិស្ស សរុប២០,១៨០នាក់ គ្រូ៧៥៧នាក់។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ុច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា អគារសិក្សា០១ខ្នង កម្ពស់០២ជាន់ មាន១២បន្ទប់, ទទឹង ០៩ម៉ែត្រ និងបណ្តោយ៥៤ម៉ែត្រ ចាប់ផ្តើមសាងសង់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០១៩ ដែលមានរយៈពេល០៦ខែ បច្ចុប្បន្នស្ថាបនារួចរាល់មួយរយភាគរយ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀន បានលើកឡើងថា អគារសិក្សា០១ខ្នង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ទុកជាចំណងដៃជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ កសាងធនធានមនុស្ស ហើយស្របពេលដែលប្រទេសកម្ពុជា ទើបតែប្រារព្ធពិធី «ទិវាគ្រូបង្រៀន ០៥ តុលា ២០១៩ ដែលជាខួបលើកទី២២ នៃទិវាគ្រូបង្រៀន នៃព្រះរាជាណាចក្រកម្ពុជា» ក្រោមប្រធានបទ «គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល»។

ក្នុងនាមរាជរដ្ឋាភិបាល និងក្រុមការងារថ្នាក់ជាតិ, នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើដល់មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បន្តចូលរួមជាមួយរាជរដ្ឋាភិបាលការពារ ថែរក្សាសុខសន្តិភាព ការកសាងអភិវឌ្ឍន៍ជាតិ និងកុំជឿការញុះញង់បោកបញ្ឆោតរបស់ពួកក្បត់ជាតិ ដែលនាំឲ្យមានការបែកបាក់សាមគ្គីជាតិ បំផ្លាញដល់សុខសន្តិភាពនៅកម្ពុជា។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀន បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តបឹងខ្យាង មានអង្ក២០០គីឡូក្រាម, ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប៊ីចេង។ ឧបត្ថម្ភដល់អនុវិទ្យាល័យបឹងខ្យាង ថវិកា១លានរៀល សាលាស្រុក២លានរៀល ព្រមទាំងចែកជូនក្រណាត់ស និងថវិកា ដល់លោកតាលោកយាយ ក្រុមប្រឹក្សាឃុំស្រុក យុវជន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត៕