(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទមហាសន្និបាត អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។

ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា ពិធីបើកមហាសន្និបាតសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានរៀបចំធ្វើឡើងកាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញ ក្នុងគោលបំណង ទី១៖បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៥ឆ្នាំ, ទី២៖កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងទី៣៖បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ។

ក្នុងមហាសន្និបាតនេះ ក៏បានបោះឆ្នោតជ្រើសតាំង លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីធ្វើជាប្រធានសមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី៣ អមដោយអនុប្រធាន ចំនួន១២នាក់ផ្សេងទៀត។

សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ដែលជាសមាជិកសមាគមជាតិ គឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង២៤។

ក្រុមប្រឹក្សារាជធានីភ្នំពេញ និង២៤ ក្រុមប្រឹក្សាខេត្ត គឺជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ មាត្រា៨ នៃលក្ខន្តិកៈសមាគមកំណត់ថា សមាគមជាតិរៀបចំមហាសន្និបាតរៀងរាល់៥ឆ្នាំម្តង។ ប្រធាន អនុប្រធានសមាគមជាតិ មានភារកិច្ចចាត់ចែងរៀបចំមហាសន្និបាត៕