(ភ្នំពេញ)៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ Sanggwan Middle School របស់ប្រទេសកូរ៉េ បានមកធ្វើទស្សនកិច្ចសិក្សា នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិ រាជធានីភ្នំពេញ។

ទស្សនកិច្ចរបស់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនាំប្រទេសកូរ៉េនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ រវាងសិស្សានុសិស្សកូរ៉េ ជាមួយសិស្សានុសិស្ស នៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៉ីសុវត្ថិ។

កម្មវិធីដំបូងគឺការរាំរបាំជូនពរ ដែលសំដែងដោយសិស្សានុសិស្ស នៃសាលារៀនជំនាន់ថ្មី ដើម្បីជាកិច្ចស្វាគមន៍។ កម្មវិធីបន្ទាប់ លោកនាយករង ហួត ស៊ាងហៃ បានឡើងធ្វើសុន្ទរកថាបង្ហាញពីកិច្ចស្វាគមន៍ ចំពោះការអញ្ជើញមកទស្សនកិច្ចសិក្សា នៅសាលារៀនជំនាន់ថ្មីនេះ។

លោក ហួត ស៊ាងហៃ បានបញ្ជាក់យ៉ាងច្បាស់ថា «តាងនាមលោកគ្រូជានាយករងសាលារៀនជំនាន់ថ្មី ពិតជាមោទកភាពណាស់ដែលបានលោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានិសិស្សនៃសាលា Sanggwan ដែលជាសាលាមួយបានចុះ MOU ជាមួយសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិកន្លងមក បានអញ្ជើញចុះមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ពិសេសសាលារៀនជំនាន់ថ្មី»។ នៅក្នុងកិច្ចស្វាគមន៍នេះ លោកនាយករងបានបង្ហាញពីសកម្មភាពរៀន និងបង្រៀននៅសាលារៀនជំនាន់ថ្មី ទៅកាន់គណៈប្រតិភូ និងសិស្សានុសិស្សសាលា Sanggwan នៃប្រទេសកូរ៉េឱ្យកាន់តែច្បាស់ថែមទៀត។

តំណាងឲ្យសាលា Sanggwan Middle School លោកស្រី Jung Miheon បានឡើងបង្ហាញពីការធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសកម្ពុជាថា លោកស្រីនិងសិស្សានុសិស្សទាំងអស់ បានទៅទស្សនាប្រាសាទអង្គរវត្ត ដែលបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក គួរឱ្យកោតសរសើរក្រៃលែង។

លោកស្រីបន្តទៀតថា ប្រទេសកម្ពុជាពិតជាមានវត្ថុកេរដំណែលពីបុព្វបុរសជាច្រើន និងអស្ចារ្យក្រៃលែង។ មិនតែប៉ុណ្ណោះប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងច្រើន ដែលអ្នកស្រីនឹកស្មានមិនដល់។

លោកស្រី Jung Miheon ក៏បានបង្ហាញពីប្រវត្តិរបស់សាលា Sanggwan ដែលជាសាលាមួយរៀនបែបសតវត្សទី ២១ ដូចសាលារៀនជំនាន់ថ្មី តាំងពីឆ្នាំ២០១៥ នឹងចាប់ផ្ដើមមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា នៅឆ្នាំ២០១៧ ហើយនេះជាលើកទី៣ ដែលសាលាយើងបានមកទស្សនកិច្ចនៅប្រទេសកម្ពុជា ពិសេសបានមកទស្សនកិច្ច នៅសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៉ីសុវត្ថិ។ លោកស្រីសង្ឃឹមថា លោកស្រីនឹងបានមកទស្សនកិច្ចនៅទីនេះ នៅឆ្នាំក្រោយៗទៀតជាមិនខាន។

កម្មវិធីបន្ត ជាកម្មវិធីថតរូបទុជាអនុស្សាវរិយ៍រវាងសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៉ីសុវត្ថិ ជាមួយនឹងសាលា Sanggwan Middle School ព្រមទាំងការដើរទស្សនកិច្ចនៅតាមបន្ទប់រៀន និងការចែករំលែកបទពិសោធរវាងសិស្សានុសិស្សទាំងពីរប្រទេស៕