(សៀមរាប)៖ កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន អាស៊ានលើកទី១៥ សម្រាប់ថ្ងៃទី២ ដែលប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ គឺទទួលបានលទ្ធផល ជោគជ័យយ៉ាងខ្លាំង ខណៈប្រទេសជាមាជិកអាស៊ានទាំង១០ប្រទេស បានគូសបញ្ជាក់អំពីកិច្ចសហការនៅក្នុងតំបន់ ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់ជំរុញឱ្យមានជោគជ័យ លើការអនុវត្តន៍នូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រផ្សេងៗ ជាពិសេសនៅក្នុងក្របខណ្ឌរដ្ឋមន្ត្រីបរិស្ថានអាស៊ាន គឺចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសមួយទៅប្រទេសមួយទៀត។ នេះជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

លោក នេត្រ ភក្ត្រា បានថ្លែងថា ឯកសារដែលបានកំណត់សំខាន់ៗចំនួន៣ ត្រូវបានអនុម័តរួមមាន៖

ទី១៖ ពាក់ព័ន្ធទៅនឹងសេចក្តីថ្លែងការណ៍ របស់អាស៊ាន ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដែលសេចក្តីថ្លែងការណ៍នេះ ជាការបញ្ជាក់នូវគោលជំហររបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ហើយសេចក្តីថ្លែងការណ៍នេះនឹងលើកទៅក្នុងកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25) ដែលគ្រោងនឹងធ្វើឡើង នៅចុងឆ្នាំ២០១៩។

ទី២៖ ពាក់ព័ន្ធទៅនឹងសេចក្តីព្រាងយុទ្ធសាស្ត្របរិស្ថាន ដោយបានឯកភាព និងបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធនានា គឺត្រូវធ្វើការងារបន្ថែមទៀត ដើម្បីរៀបចំនូវយុទ្ធសាស្ត្រ ការងារនេះឱ្យបានគ្រប់ជ្រុងជ្រោយ។

ទី៣៖ ការពិនិត្យទៅលើសំណើរបស់ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសភូមា ដែលដាក់ឧទ្យានរបស់ខ្លួន ចូលទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន ហើយមានការឯកភាព ដើម្បីដាក់បញ្ជូលឧទ្យានជាតិចំនួន៥ នៅក្នុងចំណោមឧទ្យានចំនួន៦ ដែលបានស្នើសុំដោយក្នុងនោះមានឧទ្យានជាតិរបស់ប្រទេសថៃ ចំនួន២, ទទ្យានជាតិរបស់វៀតណាម ចំនួន២ និងឧទ្យានជាតិរបស់ប្រទេសភូមាចំនួន១។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានការលើកឡើងរបស់ប្រទេសជាសមាជិកអាស៊ាន លើកការបញ្ជាក់អំពីគោលជំហរ របស់ប្រទេសទាំងនោះ ជុំវិញការគ្រប់គ្រងបរិស្ថាន ដោយប្រទេសទាំងអស់បានកំណត់លើការសហការគ្នា ធ្វើការរួមគ្នា ដើម្បីយ៉ាងណាឱ្យអាស៊ានមានភាពបៃតង និងស្អាត ក្រៅពីនេះទៀតប្រទេសទាំងអស់ ក៏បានលើកឡើងពីបញ្ហាអ័ព្ទឆ្លងដែន និងការបំពុលដោយប្លាស្ទិក ព្រមទាំងការបំពុលដោយសំណល់ប្លាស្ទិចនៅសមុទ្រ និងការលើកឡើងរបស់ប្រទេសម៉ាឡេស៊ី ដោយស្នើសុំឱ្យប្រទេសជាសមាជិកទាំងអស់ សហការគ្នាទប់ស្កាត់ការនាំចូលសំណល់ប្លាស្ទិក ពីប្រទេសខាងក្រៅ ចូលមកក្នុងប្រទេសរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី៧-១០ខែ តុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រី និងគណៈប្រតិភូទាំង១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីបរិស្ថាន មកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង៕