(ពោធិ៍សាត់)៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារដើរទៅមើលដំណាំស្រូវ នៅឯវាលស្រែរបស់ខ្លួន ហើយក៏បានដើរជាន់មីន បណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំម្ខាង ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ កាលពីវេលាម៉ោង៨៖៣០នាទីនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំនុច៨៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះ ដែលបានរងរបួសដាច់ជើងម្ខាង ដោយសារដើរជាន់មីននោះ មានឈ្មោះ ឈន វីរៈ ភេទប្រុសអាយុ ៣៩ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

របាយការណ៍ដដែល ក៏បានឲ្យដឹងទៀតថា បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ ហើយមានសុខភាព ល្អប្រសើរឡើងវិញហើយ៕