(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលជារបៀបវារៈពេញ១ថ្ងៃ សម្រាប់សម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហើយ។

សេចក្តីព្រាងច្បាប់ទាំងនោះ រួមមានដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

កិច្ចប្រជុំពេញអង្គ នៃរដ្ឋសភា នៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១០៨រូប។

សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មាន១២ជំពូក និង៦៧មាត្រា នឹងផ្តល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្រៅប្រទេស ប្រកបដោយទំនុកចិត្ត ហើយនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថា ក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងជីឌីថល ចំាបាច់ត្រូវរៀបចំធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយ ព្រមទំាងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។

ចំណែក សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ដែលមាន១១ជំពូក និង៥១មាត្រា នោះវិញ នឹងក្លាយជាច្បាប់សម្រាប់ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើ និងការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិនិងផលប្រយោជន៍ អ្នកប្រើប្រាស់ គំាទ្រទីផ្សារឱ្យមានការប្រកួតប្រជែងទំាងតម្លៃ គុណភាពទំនិញ និងសេវា។

ចំពោះសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ដែលមាន១១ជំពូក ចែកចេញជា១០៧មាត្រានោះ ជាសេចក្តីព្រាងច្បាប់ដែលមានវិសាលភាពទូលំទូលាយ ដែលនឹងជំនួសឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទំាងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ សេចក្តីព្រាងច្បាប់របបសន្តិសុខសង្គមនេះ មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គមមួយ តាមគោលការណ៍សាមគ្គីធម៌សង្គម ដែលមាន៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទំាសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ គិតរួមទំាងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទំាងបុគ្គលស័្វយនិយោជន៍៕