(ត្បូងឃ្មុំ)៖ ស្រូវពូជប្រមាណ ១៧តោន ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) យកចែកជូនប្រជាពលរដ្ឋ ១៦៨គ្រួសារនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដាំដុះឡើងវិញ បន្ទាប់ពីស្រូវរបស់ពួកគាត់រងការខូចខាតដោយទឹកជំនន់។

ស្រូវពូជនេះត្រូវបានលោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកចែកជូនប្រជាពលរដ្ឋនៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩នេះ។
ពិធីនេះក៏មានការចូលរួមពីលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម និង លោក គន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អភិបាលស្រុកតំបែរ បានឱ្យដឹងថា គ្រោះទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដល់ឃុំចំនួន២ និងប៉ះពាល់ដំណាំស្រូវប្រមាណ ១៧២ហិកតា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីពេលថ្មីៗកន្លងទៅនេះ បានក្រើនរំលឹកដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយយកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាកសិករ ដើម្បីដាំដុះបន្ត។

ប្រជាពលរដ្ឋបានសម្តែងការរីករាយក្រោយពេលទទួលបានពូជស្រូវ ដើម្បីដាំដុះបន្ត។ ពួកគាត់ក៏បានអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងគិតគូរដល់សុខទុក្ខ និងផលលំបាករបស់ពួកគាត់៕