(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ជឹម សុទ្ធី តំណាងក្រុមប្រឹក្សាខណ្ឌ និងលោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ កំលាំងសរុបចំនួន៦០នាក់ បែងចែក ១០គោលដៅ ដោយធ្វើការស្ទាក់ចាប់រថយន្តធុនធំបើកលើផ្លូវហាមឃាត់ និងបើកខុសម៉ោងដែលកំណត់ចំនួន ៩គ្រឿង។

របាយការណ៍របស់សាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ផ្លូវហាមឃាត់រួមមាន៖ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងវិថីព្រះស៊ីសុវត្ថិ។ ក្រោយឃាត់ រថយន្តធុនធំទាំង ៩គ្រឿង ត្រូវបានបញ្ជូនយកមករដ្ឋបាលខណ្ឌដូនពេញ ដើម្បីបញ្ជូនបន្ដទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធីច្បាប់៕