(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយមូលនិធិ GX តំណាងដោយលោក LEUNG CHUN-YING ប្រធានមូលនិធិ នៅសណ្ឋាគារ Rosewood។

MoU មួយនេះ ត្រូវបានបង្កើតឡើងយោងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

នេះជាអនុស្សរណៈនៃការយោគយល់គ្នា ទីពីរបន្ទាប់ពីអនុស្សរណៈទីមួយ ដែលត្រូវបានចុះហត្ថលេខាកាលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបាននឹងកំពុងអនុវត្តនៅខេត្តកំពង់ចាម ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូតមកដល់ពេលនេះបានពិនិត្យជំងឺភ្នែកបានចំនួន ១០.៥០៤នាក់ និងវះកាត់ជំងឺភ្នែកឡើងបាយ បានចំនួន ៤.៩៦១នាក់។

អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាថ្ងៃនេះ ក៏នឹងផ្តោតទៅលើគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយសារជំងឺភ្នែកឡើងបាយ ដោយត្រូវពង្រីកទៅខេត្តព្រៃវែង។ ដើម្បីសម្រេចបាននូវគោលដៅនៃគម្រោង ភាគីមិត្តចិននឹងផ្តល់នូវគ្លីនិកចល័តវះកាត់ភ្នែក ចំនួនពីរគ្រឿង រថយន្តសម្រាប់ដឹកអ្នកជំងឺមួយគ្រឿង ព្រមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យ សម្រាប់បម្រើឱ្យការពិនិត្យព្យាបាល និងវះកាត់ភ្នែកឡើងបាយដល់អ្នកជំងឺនៅក្នុងខេត្តព្រៃវែង៕