(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូ (KOICA) មកពីប្រទេសកូរ៉េ បានដឹកនាំគណៈប្រតិភូមកជួបពិភាក្សាការងារជាមួយទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដើម្បីសិក្សាស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីវិស័យសកម្មភាពមីន និងការបោសសម្អាតមីន នៅកម្ពុជា។

ទេសរដ្ឋមន្រ្តី បានជម្រាប់ដល់គណៈប្រតិភូ (KOICA) អំពីផលវិបាកនៃសង្គ្រាម ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យសង្គ្រាម រហូតមកដល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវដោះស្រាយ ដូចជា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលជាឃាតករលាក់មុខដ៏សាហាវ ដែលកំពុងសម្លាប់ប្រជាពលរដ្ឋកម្ពុជា ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន មានទំនាក់ទំនងការទូតយ៉ាងល្អជាមួយប្រទេសកូរ៉េ ហើយលោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យប្រទេសកូរ៉េ តាមរយៈភ្នាក់ងារសហប្រតិបត្តការអន្តរជាតិ កូរ៉េ (KOICA) គាំទ្រដល់ផែនការយុទ្ធសាស្រ្តជាតិសកកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនាពេលថ្មីៗនេះ ពីព្រោះវិស័យសកកម្មភាពមីននេះ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប ទៅនឹងសំណូមពររបស់ទេសរដ្ឋមន្ត្រី គណៈប្រតិភូ (KOICA) បានបញ្ជាក់ថា ប្រទេសកូរ៉េបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជួយដល់វិស័យបោសសម្អាតមីន នៅព្រះរាជាណាចក្រកម្ពុជា ហើយប្រទេសកូរ៉េ កំពុងតែសិក្សាលទ្ធភាពជួយដល់វិស័យសកម្មភាពមីន នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២១។

ជាចុងបញ្ចប់ ទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះគណៈប្រតិភូ (KOICA) ដែលបានយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យសកម្មភាពមីន នៅកម្ពុជា៕