(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យ ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា១៤រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ពីសម្តេច ដើម្បីទៅចូលរួមក្នុងកម្មវិធី China Asian Young Leadership Training លើប្រធានបទ «The Bright of The Future»។

ជំនួបនេះ ធ្វើឡើងដើម្បីគោរពស្នើសុំអនុសាសន៍ណែនាំផ្សេងៗពីសម្តេចក្រឡាហោម ស ខេង ដើម្បីជាចំណេះដឹងបន្ថែម ក្នុងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ រួមទាំងការគ្រប់គ្រងរដ្ឋបាលដែនដី កិច្ចការងារយុវជន ក៏ដូចជារបៀបរបប សម្រាប់ជាទុនដល់យុវជនទាំង១៤រូប ដើម្បីជាតំណាងយុវជន និងដើម្បីជាតំណាង ក្នុងការត្រៀមខ្លួនធ្វើជាយុវជនរបស់ជាតិ តំណាងប្រជាជន និងយុវជន នៅក្នុងក្របខណ្ឌក្នុងតំបន់ ក៏ដូចជាក្របខណ្ឌអន្តរជាតិ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ឲ្យខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹង និងបទពិសោធន៍នានា ឲ្យបានច្រើនដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។

សូមបញ្ជាក់ថា កម្មវិធី China Asian Young Leadership Training នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែតុលា រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាធារណរដ្ឋប្រជាមានិតចិន៕