(ភ្នំពេញ)៖ វិមានឈ្នះឈ្នះ គឺជាតឹកតាងនៃសន្តិភាព ភាពសុខដុម និងជាទីតាំងផ្តល់នូវភាពរីករាយ ក្តីសោមនស្ស ត្រជាក់ត្រជុំ និងផ្តល់នូវការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបម្រើឲ្យសេចក្តី ត្រូវការនៃការចង់ដឹងចង់ឃើញ ចង់យល់នូវប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ដែលធ្លាប់មានខ្លះ កំពុងមាន និងអាចនឹងមានតទៅនោះ គឺសំដៅទៅលើប្រវត្តិសុខដុមនីយកម្មសម័យកាល ប្រវត្តិនៃដំណើរការរៀបចំសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិល និងសមិទ្ធផលដែលមានជាក់ស្តែងដែលមានតឹកតាងពិតប្រាកដ។ នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ។

នាយឧត្តមសេនីយ៍ បានរៀបរាប់ទៀតថា គោលការណ៍នៅក្នុងកសាង ការស្ថាបនាវិមានឈ្នះឈ្នះ មិនមានបង្ហាញរំលឹក ឬបង្កើតអ្វីដែលជាជម្លោះ ជាការទាស់ទែង និងជាភាពទោមនស្សនោះទេ។ នៅក្នុងចម្លាក់ក្បាច់រចនា រូបភាពដែលមានទាំងអស់ ពេញបរិវេណសំណង់វិមានឈ្នះ ឈ្នះ គឺជាទីស្ថានរបស់មនុស្សគ្រប់គ្នា ដែលរំលឹកដល់ការដឹងគុណដល់បុព្វបុរស ការដឹងគុណដល់ការ ទទួលបាននូវសន្តិភាព ការដឹងគុណចំពោះការកសាងបាននូវការអភិវឌ្ឍ និងផ្តល់នូវភាពសុខដុម បង្កើតការយល់ បង្កើតការសោមនស្សគ្នាទៅវិញទៅមក ដោយមានការចូលរួមមិនមានលក្ខខណ្ឌ ការចូលរួមទាំងទឹកចិត្ត ការថែរក្សា ការចូលរួមនូវការផ្តល់បន្ថែមនូវទស្សនៈការយល់ឃើញ។

សំណង់ វិមានឈ្នះ ឈ្នះ កាន់តែមានការស្វាគមន៍ និងទទួលការចូលមកទស្សនទាំងអស់ ដោយមិនមានលក្ខខណ្ឌ មិនមានការរារាំង ហើយក៏មិនមានរបងបាំង ពីព្រោះទីសាធារណៈទូលំទូលាយ។ ដូច្នេះទស្សនៈ ការយល់ឃើញ និងការរិះគន់ណាមួយចំពោះវិមានឈ្នះឈ្នះ គប្បីត្រូវពិចារណាច្បាស់លាស់ ហើយគប្បីមានការសិក្សា ឈ្វេងយល់បន្ថែមអំពីអត្ថន័យ ខ្លឹមសារ និងសំណង់ស្ថាបត្យកម្មទាំងអស់ ដែលបានខិតខំប្រឹងប្រែងដើម្បី បង្កើតឲ្យមានជាតឹកតាងអត្តសញ្ញាណជាតិ តភ្ជាប់ពីសម័យមុនៗមកជាមួយនឹងពេលដែលបានឯករាជ្យ ហើយបង្ហាញនាពេលដែលមានសន្តិភាពពេញលេញ ដែលមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។

ក្នុងន័យនេះ មិនត្រឹមតែបង្ហាញពីការស្ថាបនា ការសាងសង់ ដែលធ្វើឡើងកសាងឡើងដោយការចូលរួមពីខ្មែរគ្រប់ផ្នែក តាំងពីការគិតគូរ ការសាងសង់ ការឆ្លាក់ ការរៀបចំគ្រប់ផ្នែកនោះទេ នេះគឺជាស្នាដៃខ្មែរពិតប្រាកដសុទ្ធសាធ។ ទោះបីជាមានលក្ខណៈពុំដូចគ្នានឹងសម័យកាលមុន ដែលបានកសាងអង្គរវត្ត ប្រាសាទបាយ័ន ប៉ុន្តែជារជ្ជកាលចាប់ផ្តើមបង្ហាញមួយថ្មីទៀត ដែលមានអត្ថន័យជាមួយនឹងសុខសន្តិភាពជាមួយនឹងការអភិវឌ្ឍ។

ម៉្យាងទៀត គប្បីលះបង់ចោលនូវការយល់ឃើញ ការរិះគន់ ការគិតគូរថាសំណង់នេះជារបស់ប្រទេសដទៃ ជារបស់យួន សៀម។ ទស្សនៈការយល់ឃើញ និងមតិបែបនេះ ពិតជាមិនសមស្រប និងមិនអាចទទួលយកបាន ដោយខ្មែរខិតខំកសាងដោយខ្លួនឯង ហើយបើកចំហជាមួយនឹងការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ ក្នុងពេលដែលយើងកំពុងតែត្រូវការធ្វើឲ្យកាន់តែក្លាយទៅជាទីតាំង ដែល មានការបង្ហាញសម្រាប់ព្រឹត្តិការណ៍ជាតិធំៗ ជាមួយនឹងការក្រេប រសជាតិជីវិតប្រចាំថ្ងៃ ដោយសប្បាយរីករាយជាមួយនឹងកិច្ចការនានា។

ដូច្នេះក្នុងនាមខ្មែរទាំងអស់ដែលបានចូលរួមចំណែកកសាង សូមអំពាវនាវសូមយល់ដល់ការព្យាយាមលះបង់ដែលបាន ពលិកម្មកសាងឲ្យមានស្នាដៃ សម្រាប់ជាតិ។ ទស្សនៈ និងមតិយល់ឃើញណាមួយដែលថាវិមានឈ្នះ ឈ្នះ ជារបស់យួន ពិតជាការខុសឆ្គងដ៏ធ្ងន់ និងការយល់ច្រឡំធំណាស់ ពិបាកឲ្យស្ថិតស្ថេរបានឡើយប្រៀបបីដូចជាល្អងធូលី ពីព្រោះប្រាសចាកពីតថភាព សច្ចភាពនៃសំណង់ប្រវត្តិសាស្ត្រដែលកំពុងតែបានទទួលការចូលមកកំសាន្ត មកឃើញ មករំលឹកនូវសុខសន្តិភាព និងសុខដុមពីគ្រប់ទិសទី៕