(ភ្នំពេញ)៖ ហាង TUBE កាហ្វេ ឬ កាហ្វេថ្នល់ប្រេនខ្មែរ សាខាទី០៧ នៅមហាវិថីព្រះមុនីវង្ស មុខសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានបើកសម្ពោធជាផ្លូវការហើយ។

ថ្លែងនៅក្នុងពិធីសម្ពោធ កញ្ញា ស៊ូ មុន្នីពេជ្រ ម្ចាស់ម៉ាកធ្យូបកាហ្វេ បានឲ្យដឹងថា ដោយសារមានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ទើបក្រុមហ៊ុន នឹងបន្តបើកសាខាច្រើនទៀត សម្រាប់តម្រូវការរបស់អតិថិជន។

កញ្ញា ស៊ូ មុន្នីពេជ្រ បានបញ្ជាក់ថា កាហ្វេថ្នល់ នៅតែទទួលបានការគាំទ្រ ដោយសារពីសំណាក់អតិថិជនគ្រប់ស្រទាប់ ដោយសារកត្តាគុណភាព សេវាកម្ម ពិសេសកត្តាតម្លៃ ដែលធ្វើឲ្យធ្យូបអាចប្រកួតប្រជែងទីផ្សារ ខណៈតម្លៃកាហ្វេនៅហាង ដែលនាំចូលពីបរទេសមានតម្លៃខ្ពស់ខ្លាំង។

ដោយឡែក ម្ចាស់ហាងកាហ្វេធ្យូប សាខាសាលាច្បាប់ លោក ដូលីន ផានីរាជ ដែលជាម្ចាស់សាខាមួយរូប នៃហាងកាហ្វេធ្យូប ក៏បានបញ្ជាក់ថា មូលហេតុដែលជ្រើសរើសយកកាហ្វេធ្យូប ព្រោះចង់លើកស្ទួយ នូវអ្វីដែលជារបស់កម្ពុជា ស្របពេលដែលគុណភាពកាហ្វេ ក៏មានរសជាតិឆ្ងាញ់ មានតម្លៃសមរម្យអាចទទួលយកបាន សម្រាប់សិស្សនិស្សិត ក៏ដូចជាមនុស្សគ្រប់កម្រិតជីវភាព។

លោក ដូលីន ផានីរាជ ដែលបានសម្រេចជ្រើសរើសម៉ាក កាហ្វេធ្យូប មកបើកសាខានៅមុខសាលាច្បាប់នេះ លោកបានបញ្ជាក់ថែមទៀតថា ការបើកហាងធ្យូប គឺដើម្បីគាំទ្រដល់ម៉ាកខ្មែរ ផលិតឡើងដោយកូនខ្មែរ ហើយវាក៏ជាមោទនមួយសម្រាប់រូបលោកដែរ។

រហូតមកដល់ពេលនេះ ហាងកាហ្វេធ្យូប ពង្រីកសាខាបានរហូតដល់៧ហើយ គឺសាខានៅមុខក្តាន់២ផ្លូវរុស៊្សី សាខាផ្សារអីអន២ សាខាសួនកាណាឌីយ៉ា សាខារង្វង់មូលជ្រោយចង្វារ សាខាបឹងកេងកងផ្លូវប៉ាស្ទ័រ សាខាសាលាសន្ធរម៉ុក និងសាខាមុខសាលាច្បាប់ ព្រមទាំងមានគម្រោងពង្រីក ទៅតាមខេត្តនានានៅពេលខាងមុខនេះទៀតផង៕