(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជា-ប៉ាគីស្ថាន នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាពរវាងកងទ័ពទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងប្រសើរឡើងថែមទៀត។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានជួបសវនាការជាមួយលោកឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ យោធាជាន់ខ្ពស់ កងទ័ពប៉ាគីស្ថាន អញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដីកម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនង នៃការរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពនៃប្រទេសទាំងពីរ ប៉ាគីស្ថាន-កម្ពុជាឱ្យកាន់តែប្រសើរ។

ក្នុងជំនួបនាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅរីករាយបំផុត ចំពោះវត្តមានរបស់លោកឧត្តមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ រួមនិងសមាជិកប្រតិភូ នៅលើទឹកដីកម្ពុជា ដោយលោកចាត់ទុកថា ពិតជាមានសារៈសំខាន់ណាស់ សំរាប់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទំនាក់ទំនងដ៏មានផ្លែផ្កា នឹងកាន់តែជិតស្និទ្ធិរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា នឹងប៉ាគីស្ថាន ឱ្យកាន់តែមានភាពប្រសើរឡើង។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ទាំងនៅក្នុងតំបន់ និងនៅលើសកលលោកកំពុងប្រឈមនូវបញ្ហាជាច្រើនជាពិសេសអំពើភេរវកម្ម។ កម្ពុជាបច្ចុប្បន្នមិនទាន់មានមែន ប៉ុន្តែកម្ពុជាមានអង្គភាពប្រឆាំងភារវកម្ម រួចជាស្រេច ដើម្បីត្រៀមគ្រប់លក្ខណៈទាំងអស់ សម្រាប់ប្រយុទ្ធប្រឆាំង នូវសកម្មភាពនេះ ពីព្រោះយើងពុំដឹងថា អំពើភរវកម្មនេះវាកើតឡើងនៅពេលណា និងនៅកន្លែងណានោះទេ។

ពាក់ព័ន្ធទៅនឹងការទទួលយកសិក្ខាកាមកងយោធពលខេមរភូមិន្ទ ទៅបណ្តុះបណ្តាលនៅប៉ាគីស្ថាន នឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកងទ័ពទាំងពីរ នោះនាយឧត្តមសេនីយ៍ បានស្នើរសុំឱ្យនាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋានកងទ័ពប៉ាគីស្ថាន ពិចារណា បន្តជួយទទួលយកនៅសិក្ខាកាមនាយទាហាននៃកងយោធពលខេមរភូមិន្ទបានទៅបណ្ដុះបណ្ដាលជំនាញ នៅប្រទេសប៉ាគីស្ថានផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេសធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាព និងមានការរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបជូនដល់ភាគីប៉ាគីស្ថានថា ពីមុនកម្ពុជា ជាប្រទេសមួយដែលពោរពេញដោយសង្គ្រាម ហើយក៏ធ្លាប់ទទួល ឱ្យកងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ចូលមកជួយដោះស្រាយស្វែងរកសន្តិភាពសំរាប់កម្ពុជាផងដែរ។ ក្នុងនោះក៏មានកងទ័ព របស់ប្រទេសប៉ាគីស្ថានផងដែរ ដើម្បីជួយរកដំណោះស្រាយរាល់វិវាទ នៃជម្លោះប្រដាប់អាវុធក្នុងស្រុករបស់កម្ពុជា ប៉ុន្តែឥលូវបន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាព ដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា ក៏បានបញ្ជូនកងកម្លាំងរបស់ខ្លួនយ៉ាងច្រើន ឱ្យចេញទៅបំពេញបេសកកម្ម ជាកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅគ្រប់បណ្តាប្រទេសដែលមានជំលោះផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ប៉ាគីស្ថាន និងកម្ពុជា នៅមិនឆ្ងាយពីគ្នាទេ។ ដូច្នេះយើងត្រូវរួមគ្នាដើម្បីពង្រឹងសន្តិភាព ក្នុងតំបន់របស់យើង។ ជាការឆ្លើយតបលោកឧត្តមសេនីយ៍ឯក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមសេនីយ៍ និងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នៅពេលវេលា ទទួលស្វាគមន៍ ប្រកបដោយភាពរាក់ទាក់ស្និទ្ធស្នាលហ្នឹងកក់ក្តៅបំផុត ចំពោះគណៈប្រតិភូមកកាន់កម្ពុជាលើកនេះ នឹងបានថ្លែងនូវការលើកសរសើរ ចំពោះជំហ៊ានរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ន។

លោកឧត្តមសេនីយ៍ឯក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានបញ្ជាក់ថា រាល់សំណើរបស់កងយោធពលខេមរភូមិន្ទ លោកនឹងទទួលយក ហើយនឹងរាយការណ៍ទៅក្រសួងការពារប្រទេសប៉ាគីស្ថាន ជុំវិញសំណើរបស់កម្ពុជា។

ជាមួយៈគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ម៉ូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ ក៏បានគោរពអញ្ជើញនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសប៉ាគីស្ថាន ទៅតាមពេលវេលាសមគួរណាមួយ ដើម្បីប្រទេសយើងទាំងពីរ កងទ័ពទាំងពីរ បានពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃការរឹតចំណងសាមគ្គីភាព មិត្តភាព តាមរយៈនៃការផ្លាស់ប្ដូរប្រតិភូ ដើម្បីសិក្សាដកពិសោធន៍ ស្វែងយល់ រកភាពរីកចម្រើនពីគ្នាទៅវិញទៅមក នៃកងទ័ពប្រទេសទាំងពីរ៕