(សៀមរាប)៖ ប្រតិភូរដ្ឋមន្ត្រីបរិស្ថាន របស់ប្រទេសសមាជិកអាស៊ាន រួមទាំងប្រតិភូមកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាដាំដើមក្រវ៉ាន់ និងដើមធ្នុង នៅមុខប្រាង្គប្រាសាទអង្គរវត្ត ដើម្បីបង្ហាញពីការស្រឡាញ់បរិស្ថាន ប្រកបដោយភាពបៃតង និងបង្កើតឱ្យមានគ្រប់ជីវៈចម្រុះនៅតំបន់ ដែលជាបេតិកភណ្ឌដ៏អស្ចារ្យ របស់មាតុភូមិកម្ពុជា។

ការដាំដើមក្រវ៉ាន់ និងដើមធ្នុងនេះ បានធ្វើឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមវត្តមានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់ពិធីបើកកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩។

ដើមក្រវ៉ាន់ ដែលជាតំណាងឱ្យខេត្តសៀមរាប ចំនួន៥៥០ដើម និងដើមធ្នុងចំនួន១០០ដើម ត្រូវបានរៀបចំដាំនៅលើផ្ទៃដី១ហិចតា។

បើតាមលោក នេត្រ ភក្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គោលបំណងនៃការដាំដើមផ្កាក្រវ៉ាន់ចំនួន៥៥០ដើម និងដើមធ្នង១០០ដើម គឺដើម្បីបង្កើននូវជីវៈចម្រុះឱ្យបានច្រើន សំដៅការពារដល់លំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។

កម្មវិធីដាំដើមក្រវ៉ាន់ នៅលើទឹកដីអង្គរខេត្តសៀមរាបនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងគោលបំណងចង់រំលឹកឡើងវិញ និងបង្ហាញនូវរុក្ខជាតិ ឬបុប្ផា សម្គាល់នៅភូមិសាស្ត្រ ទីតាំង ឬខេត្តដូចក្នុងអត្ថន័យសំឡេងមរតកដើម របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានបង្ហាញតាមរយះបទចម្រៀង ក្រវ៉ាន់សៀមរាប រំដួលក្រចេះ និងចំប៉ាបាត់ដំបង ជាដើម។

ជាងនេះទៅទៀតកម្មវិធីនេះ ក៏ជាការជំរុញ និងលើកកម្ពស់ទស្សនវិស័យ Clean and Green Asean គឺអាស៊ានស្អាត និងបៃតង។

កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី៧-១០ខែ តុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រី និងគណៈប្រតិភូទាំង១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីបរិស្ថាន មកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង៕