(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ប្រកាសយ៉ាងដាច់ណាត់ថា មិនចង់ឲ្យស្រុកខ្មែរកើតមានសង្គ្រាម ដូចពីអតីតកាលនោះទេ ព្រោះមនុស្សជាច្រើនបានស្លាប់ និងរងគ្រោះដោយសារឥទ្ធិពលនៃភ្លើងសង្គ្រាម។ ពលរដ្ឋអះអាងទៀតថា ពួកគាត់ប្រឆាំងដាច់ខាត ចំពោះទង្វើទាំងឡាយណា ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងអង្គព្រះមហាក្សត្រ។

ពលរដ្ឋចាស់ក្មេងដែលយល់ច្បាស់អំពីតម្លៃនៃសន្ដិភាព និងការអភិវឌ្ឍដែលកម្ពុជា កំពុងតែមាននៅពេលសព្វថ្ងៃនេះ ក៏បានថ្កោសទោសយ៉ាងដាច់អហង្ការ ចំពោះឧក្រិដ្ឋជន សម រង្ស៉ី ដែលប្រហើនហ៊ានប្រមាថព្រះចេស្ដារ អង្គព្រះមហាក្សត្រ ដែលទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ដ្រខ្មែរទូទាំងប្រទេស និងសូមឲ្យសមត្ថកិច្ចចាត់វិធានផ្លូវច្បាប់ ចំពោះទង្វើរទាំងអស់នេះ។

ពលរដ្ឋបាននាំគ្នាលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យគាត់ (សម រង្ស៉ី) កុំរត់ចេញពីស្រុក ចង់ឲ្យមកស្រុកវិញ ហើយឲ្យគេចាប់ដាក់គុក។ ខ្ញុំអត់ចង់ក្មេងៗជំនាន់ឥលូវធ្លាក់ក្នុងខ្សែសង្គ្រាម ដូចជំនាន់ ប៉ុល ពតទេ ព្រោះវាពិបាកខ្លាំងមែនទែន ខ្លះត្រូវរបួស ខ្លះអត់អាហារ ខ្លះឈឺទាល់តែស្លាប់ ខ្ញុំអត់ចឹងឃើញអញ្ចឹងទេ។

ក្នុងនាមខ្ញុំជាយុវតីម្នាក់ មានអារម្មណ៍ថាខឹងគាត់ (សម រង្ស៉ី) ខ្លាំង ព្រោះមិនគួរណាគាត់ប្រមាថស្ដេច។ ខ្ញុំចង់ឲ្យច្បាប់ចាប់គាត់ដាក់ទោស តាមផ្លូវច្បាប់ ដើម្បីកុំឲ្យគាត់ប្រមាថមើលងាយស្ដេចយើងទៀត។ ខ្ញុំសុំឲ្យចាប់គាត់ដាក់ទោសឲ្យបាន ពេលគាត់មកស្រុកខ្មែរវិញ ដើម្បីមានសន្ដិភាពប្រទេសខ្មែរយើង»

សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។

សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕