(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានបន្តទទួលយកនូវទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យពី ព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព ប្រធានសមាគមរស្មី មូលនិធិស្បុរសធម៌ ដែលនិមន្តមកពីវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ដើម្បីយកមករក្សាទុកត្រៀមចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ។

នាឱកាសទទួល និងប្រគល់ទេយ្យទាននេះ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានសន្យាបន្តនាំយកនូវទេយ្យទានគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ សុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្រៅពីមើលឃើញសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការចុះសួរសុខទុក្ខចែកអំណោយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ, ព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានមានព្រះថេរដីកាថា សម្រាប់ទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ សម្ភារ និងបច្ច័យដែលនាំយកមកប្រគេន ដល់អនុសាខាកាកបាទក្រហមកម្ពុជា និងត្រូវបានជួយផ្ដល់ជាបន្តបន្ទាប់ទៀត និងជារៀងរាល់ខែ ដែលបានមកពីការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទ ជិតឆ្ងាយជាច្រើន ដើម្បីសហការចូលរួមបរិច្ចាគនូវវប្បធម៌ចែករំលែក ក្នុងបំណងលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា សម្រាប់ទេយ្យទានដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលពីព្រះតេជគុណសុវណ្ណធម្មថេរោ ច័ន្ទ សុភាព នាពេលនេះ រួមមាន៖ អង្ករ១តោន, ទឹកត្រី៨០យួរ, ទឹកស៊ីអ៊ីវ៨០យួរ, ទឹកសុទ្ធ១០០យួរ, មី៧០កេស, អំបិល២០០គក្រ, សម្ភារប្រើប្រាស់ៗ៩សម្រាប់, ស្លាដក៥០កញ្ចប់ និងបច្ច័យចំនួន២លានរៀល៕