(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់អ្នកវិនិយោគចិនថា ការបិទកាស៊ីណូអនឡាញ ដោយសារតែការស៊ីណូអនឡាញនេះទទួលបានពន្ធតិចតួច ហើយនាំមកនូវបញ្ហាប្រឈមជាច្រើនដូចជាឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់ជាដើម។

ការជម្រាបពីមូលហេតុនាំឱបិទកាស៊ីណូអនឡាញនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកវិនិយោគចិនមានត្រកូល «ហ៊ុន» ប្រមាណ ៤០នាក់ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកវិនិយោគចិនទាំងនោះថា ប្រទេសកម្ពុជាដ្បិតប្រកាន់យកនូវរបបទីផ្សារសេរី តែសេដ្ឋកិច្ចកម្ពុជាមិនពឹងផ្អែកលើល្បែងនោះឡើយ។ មួយវិញទៀតកម្ពុជាជំរុញធ្វើយ៉ាងណាឱ្យមានការអ្នកវិនិយោគធំៗ និងវិស័យផ្សេងៗជំនួសវិញ។

រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅ បានចេញសារាចរណ៍បិទអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៉ិនអើណេតអនឡាញក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ និងគ្រប់រូបភាព។

ក្នុងសារាចរណ៍បានបង្ហាញការបិទនេះ បន្ទាប់ពីបានពិនិត្យឃើញថា មានឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម៕