(ភ្នំពេញ)៖ ក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ បានផ្សព្វផ្សាយវីដេអូមួយបង្ហាញពីចំណាប់អារម្មណ៍ពិត របស់ប្រជាជនកម្ពុជាគ្រប់ទិសទី ដែលអញ្ជើញទស្សនាវិមានឈ្នះ-ឈ្នះ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

ក្នុងវីដេអូជិត៨នាទីនេះ ក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានដាក់ចំណងជើងថា «សម្លេងផ្ទាល់ចេញពីបេះដូងពិតរបស់ប្រជាជនចំពោះវិមានឈ្នះ-ឈ្នះ»។ មូលហេតុនៃការដាក់ចំណងជើងបែបនេះ ព្រោះប្រជាជនកម្ពុជាមកពីគ្រប់ទិសទី បានសម្តែងអារម្មណ៍រីករាយជាអនេក ដែលពួកគាត់បានទស្សនាវិមានឈ្នះ-ឈ្នះ ដែលត្រូវបានបង្កើតឡើង ដោយសាររាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ស្ត្រីម្នាក់មកពីខេត្តព្រះវិហារ បានថ្លែងថា «ខ្ញុំសប្បាយរីករាយបំផុត ចង់ឃើញណាស់ មិនដែលស្គាល់ទេ លឺតែគេថា ដល់ពេលបានមកមើលខ្លួនឯង ពិតជាមានអារម្មណ៍ស្រស់ស្រាយ ហើយសប្បាយតែម្តង»

ជាមួយគ្នានេះ បុរសម្នាក់កំពុងពរកូនឈរក្បែរប្រពន្ធខ្លួនផងដែរនោះ បានថ្លែងថា «ថ្ងៃនេះខ្ញុំកិត្តិយសណាស់ ដែលបាននាំគ្រួសារមកទស្សនាវិមានឈ្នះ-ឈ្នះ ដែលមានរូបសំណាកជាច្រើន ដែលសម្តេចតេជោ បានកសាងឡើងដើម្បីជានិមិត្តរូបរបស់ប្រទេសខ្មែរយើង»

និយាយបណ្តើរសម្តែងទឹកមុខរីករាយបណ្តើរ លោកក៏បានជូនពរសម្តេចតេជោថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អ និងឈ្នះអស់សត្រូវទាំងឡាយ»

រូបវិមានឈ្នះ-ឈ្នះ ត្រូវបានរំលេចឡើងនៅក្នុងក្រដាសប្រាក់ ១៥០០០រៀលរបស់កម្ពុជា។ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបោះពុម្ពចេញផ្សាយនូវក្រដាស ប្រាក់រៀលគំរូថ្មី ដែលរៀបចំឡើងដើម្បីអបអរសាទរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងពេលខាងមុខនោះ មានក្រុមអគតិមួយក្តាប់តូចបានរិះគន់ថា វិមានឈ្នះ-ឈ្នះនេះ គឺជានិមិត្តសញ្ញារបស់ប្រទេសយួន។

ទោះបីជាយ៉ាងនេះក្តី សម្រាប់ប្រជាជនកម្ពុជា ដែលបានទៅទស្សនាវិមានឈ្នះ-ឈ្នះ បានច្រានចោលចំពោះការរិះគន់នេះ។ ពួកគាត់លើកឡើងស្រដៀងគ្នាថា សំណង់នៃវិមានឈ្នះ-ឈ្នះ គឺត្រូវបានធ្វើឡើងតាមរចនាបទខ្មែរសុទ្ធសាធ។

បុរសដដែលនោះបានថ្លែងបន្តថា «រូបិយវត្ថុរបស់ប្រទេសកម្ពុជាយើង គឺបង្កើតឡើងមានរូបវិមានឈ្នះ-ឈ្នះ និងដំរីក្បាល៣...។ ជំនាន់ព្រះបាទជ័យវរ្ម័នទី២ មានប្រាសាទអង្គរវត្ត ដល់សម័យសម្តេចតេជោ មានវិមានឈ្នះ-ឈ្នះ និងដំរីក្បាល៣»

សម្រាប់បុរសខ្មែរ-អ៉ីស្លាមម្នាក់ តំណាងពលរដ្ឋមកពីខេត្តកំពត និងខេត្តកែប ក៏បានសម្តែងក្តីរីករាយផងដែរ ដែលពួកគាត់បានមកទស្សនាវិមានឈ្នះ-ឈ្នះមួយនេះ។ លោកបានលើកឡើងបន្ត ពាក់ព័ន្ធនឹងក្រដាសប្រាក់ ១៥០០០រៀលថា នេះជាសកម្មភាពល្អមួយ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីលើកស្ទួយប្រទេសជាតិ។

បុរសចំណាស់ម្នាក់ ក៏បានថ្លែងច្រានចោល ដែលមានក្រុមអគិតមួយចំនួនថា វិមានឈ្នះ-ឈ្នះ គឺជារបស់យួន។

លោកបន្តថា «សម្រាប់ខ្ញុំអត់ដែលគិតអញ្ចឹងផង ខ្ញុំមិនដែលគិតទេ ខ្ញុំអត់បានចាប់អារម្មណ៍រឿងអ្នកនិយាយទេ។ សំខាន់អ្វីដែលយើងឃើញជាក់ស្តែង ហើយឃើញថាល្អ ហើយស្អាត...។ កាលមុនកន្លែងនេះមានតែអូរ និងទឹក តែឥឡូវទីកន្លែងនេះមានកន្លែងដែលស្អាត បានដើរលេងកម្សាន្ត សំខាន់ទៅជឿអីពួកហ្នឹង (ក្រុមប្រឆាំង)»

សូមបញ្ជាក់ថា ការស្ថាបនាវិមានឈ្នះ-ឈ្នះនេះ មានគោលដៅសំខាន់ចំនួន ៥ដូចជា៖ រំម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឱ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ-ឈ្នះ និងការបង្រួបបង្រួមជាតិ។ បង្ហាញពីសុខដុមបនីយកម្ម នៃសង្គមកម្ពុជា តាមរយៈសាសនា សម័យកាលប្រវត្តិសាស្ត្រ និងសមិទ្ធផល។

វិមាននេះក៏បង្ហាញពីការជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នៃការបង្រួបបង្រួមជាតិផងដែរ ហើយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះនេះ បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ អត្ថន័យនៃការកសាងវិមានឈ្នះ-ឈ្នះ ដើម្បីចរិក និងតម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលទាំងអស់ដែលពាក់ព័ន្ធទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕