(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានថ្លែងថា ប្រាសាទព្រៃបាសាក់ និងទួលយាយដូន ជាទួលមានបារមីដ៏ពូកែ ក្លាយជាតំបន់ទេសចរណ៍ នៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងឱកាសលោកស្រីអញ្ជើញចូលរួមសម្ភោធ ដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាក់ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយថែរក្សាតំបន់នេះឲ្យបានល្អបំផុត។

លោកស្រី ម៉ែន សំអន បញ្ជាក់ថា៖ «ខេត្តស្វាយរៀងពុំសូវមានតំបន់ទេសចរច្រើនទេ ប៉ុន្តែយើងមានទួលបុរាណជាច្រើនកន្លែង ដូចជាប្រាសាទព្រៃបាសាក់ និងទួលយាយដូន នៅក្រុងបាវិត និងទួលជាច្រើនទៀត ដែលមានបារមីសក្តិសិទ្ធ ដូច្នេះយើងរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើទុកជាទីកន្លែងទេសចរណ៍ ដើរលេងកម្សាន្តផងដែរ»។

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ លោកស្រី ហង់ ភារី ព្រមទាំងក្រុមគ្រួសារ រួមជាមួយសប្បុរសជនទាំងអស់ ដែលបានរួមចំណែកឧបត្ថម្ភ ក្នុងការកសាងផ្លូវបេតុងមួយនេះ ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ។ នៅតំបន់ប្រវត្តិសាស្ត្រព្រៃបាសាក់នេះ ត្រូវបានផ្តួចផ្តើមកសាងឡើងវិញ ពីសំណាក់លោក អ៊ឹម សិទ្ធី (បានទទួលមរណភាព) និងលោកស្រី ហង់ ភារី មិនត្រឹមតែកសាងផ្លូវបេតុងមួយនេះទេ គឺមានសាលាបុណ្យ រូបសំណាកព្រះអង្គធំ និងផ្លូវលំជាប់បឹង។

លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់ វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេ វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកស្រីបានបន្តថា ត្រូវពង្រឹងសុវត្ថិភាពភូមិ ឃុំ មិនត្រូវឲ្យមានបងតូច បងធំ និងចោរកម្មផ្សេងៗកើតឡើងឡើយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំដោះស្រាយសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ទាំងសេវាសំណូមពរ និងសេវាតម្រូវការ។ ចំណែកឯប្រជាពលរដ្ឋ ត្រូវរួមគ្នាកាសាង និងអភិវឌ្ឍន៍ ភូមិឃុំឲ្យមានភាពរីកចម្រើន ទប់ស្កាត់រាល់ឧបាយកល ដែលក្រុមអគតិមានបំណងអាក្រក់ចង់បង្ករ ចលាចល អសន្តិសុខ អនាធិបតេយ្យ។

លោកស្រីបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនេះ ទទួលអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារព្រះមហាក្សត្រ និងជាតិសាសនា។ លោកស្រីក៏បានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជន ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឲ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែលឈានមកដល់នាពេលខាងមុខនេះ។

សម្រាប់ខេត្តស្វាយរៀង នឹងមានព្រឹត្តការណ៍អុំទូក នៅថ្ងៃទី២៧ ខែតុលាខាងនេះផងដែរ ដូច្នេះលោកស្រីសំណូមពរ ឲ្យចូលរួមសប្បាយទាំងអស់គ្នា៕