(ភ្នំពេញ)៖ វត្តមានគ្រឿង​ញៀន​ជាចំណែកមួយ​ដ៏ធំក្នុងកា​របង្កទុក្ខកង្វល់ដល់​ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងមាន​លប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​សណ្តាប់ធ្នាប់ សាធារណៈផងដែរ។

ជនខិល​ខូចមួយចំនួ​នតូចដែលគិតតែ​ផលប្រយោជន៍ផ្ទាល់ខ្លួន បានឆ្លៀតឱកាសលក់ទិញ ដោះដូរដោយខុសច្បាប់នូវ​សារធាតុញៀន ពុំខ្វល់​ពីឥ​ទ្ធិពលអា​ក្រក់ដែល​ប៉ះពាល់​ដល់ប្រទេស​ជាតិឡើ​យ។ 

ដើម្បីគ្រប់​គ្រង និងទប់ស្កាត់ការជួញ​ដូរដោយខុ​សច្បាប់នូវសា​រធាតុញៀន ប្រទេសកម្ពុជា​បានបង្កើតឱ្យ​មាន «ច្បាប់ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន» ក្នុងគោល​បំណង​ត្រួត​ពិនិត្យ បង្ការ ទប់ស្កាត់ និងប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

ដើម្បីឲ្យជ្រា​បកាន់តែច្បាស់ពីសកម្មភាព​បែបណា​ដែលត្រូវ​បានចាត់ទុកថាជា​ការជួញដូរគ្រឿងញៀន? ហើ​យជនដែល​ប្រព្រឹត្តអំពើនេះត្រូវផ្តន្ទាទោស​កម្រិតណា​?

ដូច្នេះសម្រាប់សប្ដាហ៍នេះ​កម្មវិធីយ​ល់ដឹងផ្នែ​កច្បាប់របស់អង្គភាព​ព័ត៌មាន Fresh News សហការ​ជាមួ​យ ក្រុមមេ​ធាវីកម្ពុជា​សហ​ប្រតិបត្តិការ​អ​ន្តរជាតិ សូមលើក​យកប្រធានបទស្ដីអំពី « បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» មកបង្ហាញ​ជូនបងប្អូ​ន​ប្រជាពលរដ្ឋ សិស្ស ​និស្សិត​ដូចតទៅ៖

យោងតាម​មាត្រា ៤០ នៃច្បាប់ស្ដី​ពីការត្រួតពិនិត្យគ្រឿ​ងញៀ​ន ឆ្នាំ២០១២ បញ្ញតិ្តថា «អំពើជួញ​ដូរដោយ​ខុសច្បាប់​នូវសារធា​តុញៀន» ជាការផ្ដល់​សម្រាប់​លក់ ការលក់ ​ការទិ​ញដើម្បីលក់ ឬដោះ​ដូរ និងការដោះ​ដូរដោ​យខុស​ច្បាប់​នូវសារធាតុញៀន។

ជនល្មើសដែលជួញដូរដោយខុសច្បា​ប់នូវសារធា​តុញៀ​នដែលស្ថិតនៅក្នុង​តារាងទី១ និងតារាងទី២ ត្រូវផ្ដន្ទាទោ​សដាក់ព​ន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ។ ក្រៅពី​ការដា​ក់ពន្ធនាគារជ​នល្មើ​សនឹងអាច​ត្រូវទទួលប​ន្ថែមនូវទោ​សពិន័យជា​ប្រាក់ពី ៤.០០០.០​០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ។

ចំពោះតារាងទី១ សំដៅលើ រុក្ខជាតិ និងសារធាតុដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយដែល​ពុំមាន​ផលប្រ​យោជន៍​ខាងវេជ្ជសាស្ត្រ រួ​មមានដូចជា ហេរ៉ូអ៊ីន កញ្ឆា ជ័រកញ្ឆា ប្រេងកញ្ឆា។ តារាងទី២ រុក្ខជាតិ និងសារធាតុដែ​លបណ្តាលឲ្យ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ ប៉ុន្តែមាន​ផលប្រយោជន៍​ខាងវេជ្ជ​សាស្ត្រ រួមមានដូចជា កូកាអ៊ីន​ អាភៀន ទឹកកំហាប់ដើ​មអាភៀន ម័​រហ្វីន មេតំ​ហ្វេតាមីន​។

ចំពោះ​ស្ថាន​ទម្ងន់ទោសពាក់ព័ន្ធ​នឹងបទល្មើ​សខាងលើ បា​នកំណត់​កម្រិត​ទោសដូ​ចខា​ងក្រោម៖

ត្រូវផ្តន្ទា​ទោស​ជាប់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ក្នុងករណីដែលប្រព្រឹត្តបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

១. បទល្មើសត្រូវបានប្រព្រឹត្តច្រើនដង
២. បទល្មើសត្រូវបានប្រព្រឹត្តនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងឱកាសនៃការបំពេញមុខងារ
៣. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតក្រោម ៨០០ (បួនរយ) ក្រាម។
៤. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ២០០ (ពីររយ) ក្រាម រហូតដល់ក្រោម ៤០០ (បួនរយ) ក្រាម។
៥. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៤ (បួន) ក្រាម រហូតដល់ក្រោម ២៥ (ម្ភៃប្រាំ) ក្រាម។
៦. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។
៧. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ២០ (ម្ភៃ) គីឡូក្រាម។
៨. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៨ (ប្រាំបី) គីឡូក្រាម រហូតដល់ក្រោម ៤០ (សែសិប) គីឡូក្រាម។
៩. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១៦០ (មួយរយ ហុកសិប) គីឡូក្រាម។
១០. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ១៥ (ដប់ប្រាំ) ក្រាម រហូតដល់ ៨០ (ប៉ែតសិប) ក្រាម។
១១. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសារធាតុញៀន ដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី៣ ដល់ចំណុចទី១០ នៃកថាខណ្ឌនេះ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ២០.០០០.០០០ (ម្ភៃលាន) រៀល ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ក្នុងករណីដែល​ការប្រព្រត្តឹប​ទល្មើស ស្ថិតក្នុងស្ថាន​ភាពណា​មួយខាង​ក្រោម៖

១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម រហូតក្រោម ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាម។
២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៤០០ (បួនរយ) ក្រាម រហូតដល់ ៨០០ (ប្រាំបីរយ) ក្រាម។
៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ២៥ (ម្ភៃប្រាំ) ក្រាម រហូតដល់ក្រោម ៨០ (ប៉ែតសិប) ក្រាម។
៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ក្រោម ២៤០ (ពីររយសែសិប) ក្រាម។
៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ២០ (ម្ភៃ) គីឡូក្រាម រហូតដល់ក្រោម ៦០ (ហុកសិប) គីឡូក្រាម។
៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ៤០ (សែសិប) គីឡូក្រាម រហូតដល់ក្រោម ១២០ (មួយរយម្ភៃ) គីឡូក្រាម។
៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ១៦០ (មួយរយហុក) គីឡូក្រាម រហូតដល់ក្រោម ៤៨០ ( បួនរយប៉ែតសិប) គីឡូក្រាម។
៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាម រហូតដល់ ២៤០ (ពីររយសែបសិប)ក្រាម។
៩. សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុ ស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ (ម្ភៃ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំឬអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ពី ៤០.០០០.០០០ (សែសិបលាន) រៀល ទៅ ១០០.០០០.០០០ (មួយរយលាន) រៀល ក្នុងករណីដែលការប្រព្រត្តឹបទល្មើស ស្ថិតក្នុងស្ថានភាពណាមួយខាងក្រោម៖

១. ជ័រអាភៀន ជ័រកញ្ឆា ឬកាវកូកា មានបរិមាណសុទ្ធចាប់ពី ១.៦០០ (មួយពាន់ប្រាំមួយរយ) ក្រាមឡើយទៅ។
២. ប្រេងកញ្ឆាមានបរិមាណសុទ្ធចាប់ពី ៨០០ (ប្រាំបីរយ) ក្រាម ឡើងទៅ។
៣. ម័រហ្វីន ហេរ៉ូអ៊ីន ឬកូកាអ៊ីនមានបរិមាណសុទ្ធចាប់ពី ៨០ (ប៉ែតសិប) ក្រាមឡើងទៅ។
៤. អំហ្វេតាមីន មេតំហ្វេតាមីន ឬអ៊ិចស្តាស៊ី មានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែសិប) ក្រាម ឡើងទៅ។
៥. កញ្ឆាស្ងួត ឬស្លឹកកូកា មានបរិមាណចាប់ពី ៦០ (ហុកសិប) គីឡូក្រាម ឡើងទៅ។
៦. ផ្លែអាភៀនស្រស់មានបរិមាណចាប់ពី ១២០ (មួយរយម្ភៃ) គីឡូក្រាម ឡើងទៅ។
៧. ផ្លែអាភៀនស្ងួតមានបរិមាណចាប់ពី ៤៨០ (បួនរយប៉ែតសិប) គីឡូក្រាម ឡើងទៅ។
៨. បណ្តាសារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតមានបរិមាណសុទ្ធចាប់ពី ២៤០ (ពីររយសែបសិប) ក្រាម ឡើងទៅ។
៩.សារធាតុញៀនដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ផ្សេងទៀតចាប់ពីពីរប្រភេទឡើងទៅ ហើយមានបរិមាណសុទ្ធសរុបនៃសារធាតុស្មើនិងបរិមាណសុទ្ធសារធាតុញៀនដែលបានកំណត់នៅក្នុងចំណុចណាមួយ ចាប់ពីចំណុចទី១ ដល់ចំណុចទី ៨ នៃកថាខណ្ឌនេះ។

ចំពោះការកាន់កាប់ ការលាក់ទុក សន្និធិ និងសកម្មភាព​ប្រហាក់​ប្រហែល​ផ្សេងទៀត និងការបញ្ជូន​តាមគ្រប់រូប​ភាព​ដែលនាំ​ឱ្យមានការផ្លា​ស់ទីពីទីកន្លែង​មួយ​ទៅទីកន្លែង​មួយ​ទៀតពីមនុ​ស្សម្នាក់​ទៅមនុស្ស​ម្នាក់ទៀត ពីប្រទេស​មួយទៅប្រទេសមួយទៀត ឬ តា​មរយៈការផ្ញើ ការធ្វើចរា​ចរ ការនាំចូល​ការនាំចេញ នូវសា​រធា​តុញៀន ក៏ត្រូវ​ទទួល​ការផ្តន្ទាទោ​សក្នុ​ងមាត្រា៤០​ នៃច្បាប់ស្តី​ពីការត្រួតពិនិ​ត្យគ្រឿ​ងញៀន​ នេះដែរ ។

សរុបមកច្បាប់ស្ដីពីការត្រួត​ពិនិត្យ​គ្រឿងញៀន បានកំ​ណត់​ទោស​យ៉ាងតឹ​ងរឹងរ​ហូត​ឈានដ​ល់ការជា​ប់ពន្ធនាគា​រអស់មួយ​ជីវិតទៀត​ផង។ ទន្ទឹមនឹ​ងនេះ រាជរដ្ឋា​ភិបាលកម្ពុជា​បា​ន និងកំពុ​ង​ធ្វើយុទ្ធនាការយ៉ាងសកម្មដើម្បីប្រ​យុទ្ធប្រឆាំងគ្រឿ​ងញៀ​នខុសច្បាប់ ក្នុង​គោល​បំណងលុបបំបា​ត់ការជួញ​ដូរ និងការ​ប្រើប្រាស់​គ្រឿង​ញៀនដោយខុ​សច្បាប់នៅទូទាំ​ងប្រទេស។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕