(ភ្នំពេញ)៖ លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះសីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី បានអះអាងថា កំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈសាលារៀនជំនាន់ថ្មីមានការគាំទ្រខ្លាំង ព្រោះជាក់ស្តែងសាលានេះ ទទួលបានការចូលរួមបង់វិភាគទានស្ម័គ្រចិត្ត ពីឪពុកម្តាយរបស់សិស្ស លើសពីការរំពឹងទុកទៅទៀត។

ការគូសបញ្ជាក់របស់លោក សម្យ កំសាន្ត បានធ្វើឡើងក្នុងឱកាសក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ នៅឯវិទ្យាស្ថានជាតិអប់រំ។

លោក សម្យ កំសាន្ត បានឲ្យដឹងថា កំណែទម្រង់របស់ក្រសួងអប់រំ តាមរយៈសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៉ីសុវត្ថិ មានភាពជោគជ័យយ៉ាងខ្លាំង។ អស់រយៈពេលច្រើនឆ្នាំហើយ ដែលសាលារៀនជំនាន់ថ្មី ត្រូវបានដាក់ឲ្យដំណើរការ ហើយនៅឆ្នាំ២០១៩នេះ គឺជាឆ្នាំទីមួយ ដែលសាលាតម្រូវឲ្យមានការបង់វិភាគទាន។ កំណែទម្រង់តាមរយៈសាលាជំនាន់ថ្មី ត្រូវការការវិនិយោគច្រើន ហើយគោលការណ៍បង់វិភាគទាន ពីឪពុកម្តាយរបស់សិស្ស គឺធ្វើឡើងដើម្បីរក្សារនិរន្តភាព នៃការវិនិយោគតែប៉ុណ្ណោះ។

លោកបន្តថា សាលាបានផ្សព្វផ្សាយឲ្យឪពុកម្តាយរបស់សិស្សចូលរួម ២៨០ដុល្លារក្នុងមួយឆ្នាំ ហើយបើសិនមានការខ្វះខាត គឺបន្ទុកទាំងអស់ត្រូវធ្លាក់ទៅលើរាជរដ្ឋាភិបាល ជាអ្នកទ្រទ្រង់គម្រោងនេះបន្ត។ ប៉ុន្តែសាលានេះ មានការគាំទ្រខ្លាំងពីឪពុកម្តាយរបស់សិស្ស ពោលគ្រាន់តែការផ្សព្វផ្សាយ ត្រឹមតែ២សប្តាហ៍ ប្រាក់វិភាគទានសរុបមានចំនួន ២១ម៉ឺនដុល្លារអាមេរិក ខណៈការរំពឹងទុកទទួលវិភាគទានត្រឹមតែ ១៦ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយដែលគម្រោងចំណាយសម្រាប់ដំណើរការពេញមួយឆ្នាំរហូតដល់ ២៦ម៉ឺនដុល្លារ។

បើតាមលោក សម្យ កំសាន្ត សិស្សសាលាជំនាន់ថ្មី មានចំនួនជាង៩០០នាក់ ហើយគណៈកម្មការសាលាបានប្រជុំគ្នា កំណត់ថ្លៃភាគទាន ២៨០ដុល្លារអាមេរិក។ ទោះបីជាយ៉ាងនេះក្តី ឪពុកម្តាយរបស់សិស្សខ្លះ បានស្ម័គ្រចិត្តចូលរួមវិភាគទានចំនួន ៥០០ដុល្លារក៏មាន និង៨០០ដុល្លារក៏មាន ទើបធ្វើឲ្យចំនួនប្រាក់ច្រើនលើសការរំពឹងទុក។

នាយករងវិទ្យាល័យព្រះសីសុវត្ថិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាទូទៅយើងគណនា ៣០០ដុល្លារក្នុងមួយឆ្នាំ ដូច្នេះការវិនិយោគនេះធំមែនទែន បើគិតស្តង់ដារប្រទេសយើង តែបើធៀបប្រទេសដទៃមិនច្រើនទេ។ ដូច្នេះការវិនិយោគវែងឆ្ងាយ មាននិរន្តភាព ត្រូវតែមានអាណាព្យាបាល និងសហគមន៍ចូលរួម តាមរយៈការបោះភាគទានដោយស្ម័គ្រចិត្ត។ ឆ្នាំនេះជាឆ្នាំទីមួយ ដែលទទួលយកភាគទាន យើងធ្វើការផ្សព្វផ្សាយ តែត្រឹម២សប្តាហ៍ យើងទទួលបានប្រាក់ភាគទាននោះសរុប ២១ម៉ឺនដុល្លារ»

សាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ជាសាលារដ្ឋដំបូងបំផុត បានប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របតាមគោលនយោបាយសាលារៀនសតវត្សទី២១។ សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំ បានដាក់ឱ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥ ដោយការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។

បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។

សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យ សម្តេចជាស៉ីម ព្រែកអញ្ចាញ វិទ្យាល័យ ហ៊ុន សែន ពាមជីកង អនុវិទ្យាល័យ គោកព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម សាលាបឋមសិក្សា ព្រះរាជអគ្គមហេសី សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត។

កម្មវិធីសិក្សាសិក្សានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែបផងដែរ។ ជាពិសេសម៉ោងសិក្សាមានច្រើនជាងកម្មវិធីសិក្សាចាស់។

លោក សម្យ កំសាន្ត បានផ្តល់បទសម្ភាសដល់ Fresh News ឲ្យដឹងថា វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលកំពុងដាក់ឱ្យអនុវត្ដន៍កម្មវិធីសិក្សាសាលារៀនជំនាន់ថ្មី និងជាសាលារដ្ឋដំបូងគេបំផុត ដែលបានដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របតាមគោលនយោបាយសាលារៀនសតវត្សទី២១ គឺកម្មវិធី «Wiki School» ដែលជាប្រព័ន្ធគ្រប់គ្រងសាលារៀនបែបឌីជីថល ដែលមានមុខងារ គ្រប់គ្រងព័ត៌មានសិស្ស គ្រូ បុគ្គលិកអប់រំ ធ្វើកាលវិភាគ គ្រប់គ្រងពិន្ទុ និងផលិតព្រឹត្តប័ត្រពិន្ទុសម្រាប់សិស្សដោយស្វ័យប្រវត្តិ។ Wiki School ក៏មានMobile App ដែលអាចដំឡើងនៅលើស្មាតហ្វូន ដែលអាចឱ្យអ្នកអាណាព្យាបាលតាមដានការសិក្សារបស់សិស្ស ដូចជា កាលវិភាគសិក្សា របាយការណ៍វត្តមាន ពិន្ទុ និងទទួលសេចក្តីជូនដំណឹងពីសាលារៀនបានភ្លាមៗ។

លោកនាយរងវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងថា «សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីថ្មីមួយរបស់សាលារដ្ឋ ក្រោយពីធ្វើកំណែទម្រង់កន្លងទៅនេះ ដែលធ្វើឲ្យកម្មវិធីអប់រំមានលក្ខណៈ ទំនើបទាន់សម័យ ឱ្យប្រហាក់ប្រហែលនឹងសាលា នៅបណ្ដាប្រទេសដែលអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ ជាពិសេសបង្កើនគុណភាពសិក្សាអប់រំ ឱ្យបានកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ»៕