(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ បានឃាត់ខ្លួនស្រ្តីម្នាក់ទៀត ដែលពាក់ព័ន្ធការចូលរួមប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះជាការបញ្ជាក់របស់មន្រ្តីនគរបាលជាន់ខ្ពស់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

ស្រ្តីម្នាក់នេះមានឈ្មោះ មាន ឡា ដែលត្រូវបានតុលាការខេត្តត្បូងឃ្មុំ បានចេញដីកាបញ្ជាឲ្យចាប់ខ្លួន ក្នុងចំណោម៣នាក់ ពាក់ព័ន្ធបទល្មើសមួយនេះ។ នៅពេលនេះ ជនជាប់សង្ស័យរូបនេះ កំពុងតែបញ្ជូនចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី»

តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មនុស្សទាំង៣នាក់នោះរួមមាន ទី១៖ ស៊ឹម ស៊ាងឡេង, ទី២៖ឈ្មោះ យ៉ែម វណ្ណណែត និងទី៣៖ឈ្មោះ មាន ឡា។ បុគ្គលទាំង៣នាក់នេះ ត្រូវបានអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចចោទប្រកាន់រួចរាល់ហើយ។

អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានអះអាងបន្ថែមទៀតថា ដីកាបង្គាប់ឲ្យនាំខ្លួនខាងលើនេះ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន៕