(កណ្ដាល)៖ លោក ឌៀង សារុន អនុប្រធានទី១ ក្រុមការងារចុះជួយក្រុងតាខ្មៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកហូរ ព្រមទាំងក្រុមការងារមកពីមន្ទីរជំនាញជុំវិញខេត្តកណ្តាល បានចុះជួប និងដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋ នូវសំណូមពរផ្សេងៗរបស់ពួកគាត់។

ការចុះជួប និងដោះស្រាយបញ្ហានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកហូរ ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន៤២៥នាក់។

លោក ឌៀង សារុន បានលើកឡើងថា ក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូននៅថ្ងៃនេះ ដើម្បីចង់ដឹងពីតម្រូវការចំបាច់ និងដោះស្រាយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងផ្សាភ្ជាប់នូវចំណងសាមគ្គីភាពឲ្យកាន់តែមានភាពស្និតស្នាល ជាមួយពលរដ្ឋយើងដោយមិនទុកឲ្យពលរដ្ឋមានទុក្ខលំបាកអ្វីឡើយ ពិសេសគឺគណបក្សប្រជាជនកម្ពុជា តែងតែនៅរួមរស់ សុខទុក្ខជាមួយពលរដ្ឋជានិច្ច។

លោកបានថ្លែងទៀតថា ប្រទេសមានសុខសន្តិភាពមកដល់សព្វថ្ងៃនេះ គឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានទប់ស្កាត់ចលនាបដិវត្តន៍នានា ពិសេស គឺពីក្រុមមនុស្សមួយក្រុមដែលមានគំនិតបំផ្លាញជាតិ បំផ្លាញសុខសន្តិភាពយើង ដោយរក្សាឲ្យបាននូវស្ថេរភាព និង សន្តិភាពជូនដល់ប្រទេសជាតិឲ្យបានជាដាច់ខាត។

ទន្ទឹមនឹងនេះលោក ឌៀង សារុន បានសន្យាថា នឹងជួយពលរដ្ឋយើងនូវកង្វះខាត និងតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ខណៈក្រុមការងារនឹងយកសំណើរទៅសិក្សា និងដាក់ផែនការសម្រាប់ដោះស្រាយនាពេលខាងមុខ៕