(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាទទួល ឫមិនទទួលបានសំណូមពរ ពីប្រជាពលរដ្ឋក្ដី ចំពោះការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធមានជាផ្លូវ ប្រព័ន្ធលូ ស្ពានឆ្លងទន្លេ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ ស្ទើរទូទាំងប្រទេស គឺផ្ដើមចេញពីការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ការគូសបញ្ជាក់របស់លោក ជា ពិសី ធ្វើឡើងក្នុងពេលលោកដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីគម្រោងប្រកាសបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន០២ខ្សែ ស្ដារប្រព័ន្ធលូ០៤ខ្សែ និងអណ្ដូងលូ ចំនួន២៥អណ្ដូង ស្ថិតនៅភូមិចុងខ្សាច់ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ និងស្ថិតនៅភូមិស្ពាន់ខ្ពស់ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍ខណ្ឌប្រចាំឆ្នាំ២០១៩ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។

បើតាមលោក ជា ពិសី ចំពោះការជួសជុលផ្លូវបេតុងឆ្អឹងដែក ចំនួន០២ខ្សែនេះ គឺមានប្រវែង ៩២៥ម៉ែត្រ ទទឹង០៨ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ។ ឯប្រព័ន្ធលូដែលត្រូវស្ដារ ចំនួន០៤ ខ្សែ គឺមានប្រវែង ៤,២៤៤ម៉ែត្រ មុខកាត់ ០,៦០ម៉ែត្រ និងមុខកាត់ ០,៨០ម៉ែត្រ ព្រមទាំងអណ្ដូងលូ ចំនួន២៥អណ្ដូងបន្ថែមទៀត ដោយប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវ ប្រចាំឆ្នាំ២០១៩៕