(វៀតណាម)៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចូលជួបជាមួយលោកស្រី ង្វៀន ធី គីមងិន ប្រធានសភាវៀតណាម។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនោះ ដោយលោកស្រីប្រធានរដ្ឋសភា បានសម្ដែងនូវការស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាមនេះ ដោយចាត់ទុកថា ទស្សនកិច្ចផ្លូវការនេះ ជាទស្សនកិច្ចប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ណាស់ ហើយជាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ។

លោកស្រីប្រធានរដ្ឋសភា បានគូសបញ្ជាក់ផងដែរថា អ្វីដែលប្រទេសវៀតណាមចង់បាន គឺចង់បន្ដឲ្យមានការពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ហើយផ្អែកទៅលើការជួយគ្នាទៅវិញទៅមក ក្នុងនាមប្រទេសភូមិផងរបងតែមួយ។

លោកស្រីក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការជោគជ័យ នៃការបំពេញទស្សនកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅប្រទេសវៀតណាមនេះ ជាពិសេសសម្ដេចក៏បានជួបជាមួយអគ្គលេខាធិការបក្ស ប្រធានរដ្ឋវៀតណាម ជួបជាមួយនាយករដ្ឋមន្ដ្រីវៀតណាម ពិសេសចុះហត្ថលេខាលើឯកសារជាច្រើន រួមទាំងការចុះហត្ថលេខា ពាក់ព័ន្ធខ័ណ្ឌសីម៉ាព្រំដែនផងដែរ។

លោកស្រី ង្វៀន ធី គីមងិន បានលើកឡើងផងដែរថា រដ្ឋសភាវៀតណាម ជំរុញការពិនិត្យមើលឯកសារច្បាប់ និងការគាំទ្រលើការងាររបស់រដ្ឋាភិបាលវៀតណាម សហការជាមួយប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក៏បានអរគុណដល់លោកស្រីប្រធានរដ្ឋសភា ដែលបានទទួលសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចក៏អរគុណផងដែរចំពោះ ឱកាសនៃការបំពេញទស្សនកិច្ចរបស់សម្ដេច ជាប្រវត្តិសាស្ដ្រ និងមានសារៈសំខាន់។

សម្ដេចមានប្រសាសន៍ផងដែរថា សម្ដេចក៏ចាត់ទុកឱកាសទស្សនកិច្ចនេះ ជាផ្លូវការប្រវត្តិសាស្ដ្រ និងសារៈសំខាន់ រួមទាំងចូលរួមពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផង និងធ្វើឲ្យកិច្ចសហការកាន់តែស៊ីជម្រៅ ជាពិសេសទៀតដោយសារការទទួលបាន នៃការចុះហត្ថលេខាទៅលើឯកសារខ័ណ្ឌសីម៉ាព្រំដែននេះ ដែលបានបញ្ចប់៨៤ភាគរយហើយ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានមានប្រសាសន៍ទៀតថា រឿងព្រំប្រទល់ជារឿងមួយដ៏សំខាន់ និងមិនងាយស្រួលទេ ហើយការងារនេះ បានធ្វើជាមួយគ្នាចរចារជាច្រើនឆ្នាំមកហើយ ទម្រាំដោះស្រាយបាន ធ្វើយ៉ាងណាជំរុញឲ្យព្រំដែនរបស់យើងនេះមានស្ថិរភាពល្អ ជាពិសេសទៀត គឺមានសន្ដិភាព ហើយកិច្ចសហប្រតិបត្តិការ ជាពិសេសទៀតក្នុងដំណើរការនៃទំនាក់ទំនង រវាងប្រជាពលរដ្ឋទាំងពីរនេះ។ មិនត្រឹមតែប៉ុណ្ណោះទៀត បច្ចុប្បន្នយើងឃើញហើយថា តាមខ្សែបន្ទាត់ព្រំដែននេះមានផ្សារ ហើយយើងអាចឃើញនៃបង្គោលខ្សែភ្លើង និងបង្គោលទូរស័ព្ទជាដើម នេះជាតំបន់កំពុងមានការអភិវឌ្ឍ។

សម្ដេចក៏មានប្រសាសន៍ដែរ ឥឡូវយើងខិតខំជំរុញដើម្បីឲ្យពាណិជ្ជកម្មទ្វេភាគីឲ្យបានច្រើនឡើង មិនមែនត្រឹម៥ពាន់លានដុល្លារ ដែលយើងអាចរាប់បញ្ចូលការទិញភ្លើងអគ្គិសនី នោះទំហំពាណិជ្ជកម្មឡើងដល់ជាង៥ពាន់លានដុល្លារទៅហើយ។

សម្ដេចក៏បានមានប្រសាសន៍ថា សម្ដេចខិតខំប្រឹងប្រែងណាស់ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាមតែម្ដង ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរ ជំរុញការចរចារធ្វើយ៉ាងណាឲ្យមានខ្សែព្រំដែនច្បាស់លាស់ ជាពិសេសទៀត គឺជំរុញការអភិវឌ្ឍ ហើយនឹងជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគជាមួយគ្នា។

សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ការពិតទៅសក្ដានុពលរវាងប្រទេសទាំងពីរ អាចធ្វើឡើងដល់១០ពាន់លានដុល្លារ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរ ដល់ប្រទេសវៀតណាម ដែលជំរុញការវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិសេសនិស្សិតកម្ពុជា ដែលបច្ចុប្បន្នសិក្សានៅប្រទេសវៀតណាមជាង៤៣០០នាក់ឯណោះ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ចំពោះលោកស្រីប្រធានរដ្ឋសភាវៀតណាមផងដែរ។

លោកស្រីប្រធានរដ្ឋសភា ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរទៅសម្ដេច សាយ ឈុំផងដែរ។ លើសពីនេះទៀត លោកស្រីបានគូសបញ្ជាក់ថា អ្វីដែលសំខាន់នេះ គឺគួរតែប្រទេសទាំងពីរបន្ដជំរុញ កិច្ចការចរចារដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែន១៦ភាគរយ ដែលនៅសេសសល់ ទាក់ទងនឹងការធ្វើការងារសីម៉ាព្រំដែន។

លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន ដែលធ្វើឲ្យការងារជោគជ័យ នៃប្រទេសទាំងពីរកម្ពុជា-វៀតណាមផ្ទាល់៕