(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចម្រុះ បន្តសកម្មភាពការងាររបស់ខ្លួន យ៉ាងសកម្មផុលផុស ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយល្អប្រសើរ និងបោសសម្អាតធ្វើអនាម័យបរិស្ថាន នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក ធឹម សំអាន បានលើកឡើងថា ចំពោះការងារចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើអនាម័យ បរិស្ថានដោយដើរប្រមូលសំរាម និងកាកសំណល់ នៅតាមដងផ្លូវនានានេះ គឺជាកត្តាសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាសំរាមកកស្ទះ បណ្តាលឲ្យស្ទះប្រព័ន្ធលូ និងជាការលើកកម្ពស់ នូវកិត្តិយសមុខមាត់មូលដ្ឋានខណ្ឌបឹងកេងកង ដែលជាខណ្ឌទើបបង្កើតថ្មីទាំងមូលផងដែរ។

លោក សង្កត់ធ្ងន់ថា មន្ដ្រីទាំងអស់មិនត្រូវមើលរំលងឡើយ ហើយការងារនេះមហាជនទូទៅ ដែលគាត់ធ្វើដំណើរឆ្លងកាត់តាមដងនានា ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង គឺពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹង មកលើការងារនេះ ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ និងកាត់បន្ថយភាពអនាធិបតេយ្យតាមដងផ្លូវផងដែរ។

លោកបន្ថែមថា ដើម្បីឲ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការធ្វើចរាចរណ៍ឲ្យកាន់តែល្អប្រសើរ សូមប្រជាជនទូទៅចូលរួមអនុវត្តន៍ឲ្យបានផុលផុសគ្រប់ៗគ្នា ជាមួយអាជ្ញាធរខណ្ឌបឹងកេងកង ក្នុងការទុកដាក់សំរាម ដែលការងារនេះ អាជ្ញាធរខណ្ឌបឹងកេងកង នឹងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃ ឲ្យដូចភ្លៀងរលឹម ពិសេសនាថ្ងៃចុងសប្ដាហ៍។

អភិបាលខណ្ឌបឹងកេងកង បានលើកឡើងទៀតថា ចង់បានអនាម័យ និងបរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋានភូមិសង្កាត់យើងនីមួយៗ នោះហើយបងប្អូនមានសុខភាពល្អ និងទីក្រុងមានផាសុខភាព សោភ័ណ្ឌភាពនោះដ៏រាបណាយើងគ្រប់ៗ គ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាជនទូទៅរួមដៃគ្នា សហការគ្នា យ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានមានភាពល្អប្រសើរ។

គួរបញ្ជាក់ផងដែរថា ខណ្ឌបឹងកេងកង ប្រែមុខមាត់ថ្មីក្រោមការដឹកនាំរបស់ លោក ធឹម សំអាន ជាអភិបាលខណ្ឌ ហើយការងារនេះទទួលបានជោគជ័យ ដោយមានការចូលរួមគាំទ្រពីមហាជនផងដែរ។

ជាមួយគ្នានេះ អភិបាលខណ្ឌបឹងកេងកង ក៏បានអំពាវនាវដោយសំណូមពរ ដល់បងប្អូនប្រជាជនទូទៅ និងបងប្អូនអាជីវករ សូមមេត្តាវេចខ្ចប់ទុកដាក់ សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានទីក្រុងឲ្យកាន់តែល្អប្រសើរ មានផាសុខភាពផងដែរ ពោលគឺទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា៕