(ភ្នំពេញ)៖ យោងតាមការណែរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌកំបូល បាននាំយកកូនឈើប្រភេទធ្នង់២០០ដើម ដើម្បីយកទៅដាំនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីឲ្យរាជធានីភ្នំពេញ ជាទីក្រុងដែលមានពណ៌បៃតង និងមានបរិស្ថានស្រស់ល្អស្អាត ក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនា កាន់តែច្រើនឡើងថែមទៀត ជាពិសេសសម្រាប់ជាទីម្លប់សម្រាប់អ្នកដំណើរជ្រក សម្រាកបំបាត់ការនឿយហត់ផងដែរ។

ក្នុងពិធីដាំកូនឈើនេះ ក៏មានការចូលរួមពីលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងមន្ត្រីរដ្ឋបាលព្រែឈើ មន្ត្រីរដ្ឋខណ្ឌកំបូល និងប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានសំណូមឲ្យពលរដ្ឋគ្រប់រូប ចូលរួមដាំដើមឈើ និងថែទាំដើមឈើ ដែលបានដាំរួចឲ្យលូតលាស់ល្អ ដើម្បីទីក្រុងយើងមានសភាពបៃតងស្រស់បំព្រង រួមចំណែកទាក់ទាញទេសចរឲ្យមកកម្សាន្ដឲ្យបានច្រើនកុះករ ដូច្នេះត្រូវតែចូលរួមដាំដើមឈើ និងថែរក្សាដើមឈើឲ្យបានល្អ ឲ្យដូចយើងស្រឡាញ់កូនចៅយើងដែរ ហើយអ្នកបំផ្លាញដើមឈើ វាស្មើនឹងបំផ្លាញខ្លួនឯងដូច្នោះដែរ។

លោកបន្តថា ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួម ដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ។

ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានអំពាវនាឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ និងចូលរួមថែទាំដើមឈើ ដែលជាគម្របបៃតង ផ្តល់ម្លប់ និងលើកសម្រស់របស់ទីក្រុងយើងផងដែរ៕