(ភ្នំពេញ)៖ អង្គការ GIZ របស់អាល្លឺម៉ង់ បានបន្ដជួយពង្រឹងប្រព័ន្ធសុខាភិបាល ដោយផ្ដោតទៅការលើកកម្ពស់គុណភាពសេវា និងប្រព័ន្ធគាំពាសុខភាពសង្គម ដែលកំពុងតែជួយកន្លងមករហូតដល់ពេលនេះ ជាពិសេស ពង្រឹងសមត្ថភាពក្នុងការបណ្ដុះបណ្ដាលមូលដ្ឋាន ដល់បុគ្គលិក សុខាភិបាល ឱ្យទៅជាស្ដង់ដារអាស៊ាន។

នេះបើតាមការលើកឡើងរបស់ លោកសាស្ដ្រាចារ្យ Steffen Flessa ប្រធានអង្គការ GIZ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នាទីស្ដីការក្រសួង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។

ក្នុងជំនួបនោះផងដែរ អង្គការ GIZ នឹងសិក្សាស្វែងយល់ពីដំណើរការងាររបស់ក្រសួងសុខាភិបាល ដើម្បីលើកទិសដៅសម្រាប់សហការគ្នា ជាពិសេសការអនុវត្ដន៍ការងារសុខាភិបាល តាមប្រព័ន្ធឌីជីថលហែល ដើម្បីគ្រប់គ្រងទិន្ន័យការងារ ពីតម្លៃសេវាព្យាបាលប្រជាពលរដ្ឋ និងប្រព័ន្ធឌីជីថលគ្រប់គ្រងព័ត៌មានរបស់មន្ទីរពេទ្យ ដែលជាផ្នែកសំខាន់មួយ សម្រួល និងពន្លឿនការងាររបស់គ្រូពេទ្យ ក្នុងការស្វែងយល់ពីប្រវត្ដិសុខភាពរបស់អ្នកជំងឺ។

ដោយនៅពេលខាងមុខ នឹងមានការពិភាក្សាទៅលើបច្ចេកទេស និងការពង្រីកប្រព័ន្ធឌីជីថលហែល ដោយផ្ដោតសំខាន់ទៅលើមន្ទីរពេទ្យនៅតាមខេត្ដចំនួន៣ ដូចជា មន្ទីរពេទ្យកំពត កំពង់ធំ និងខេត្ដកែប ហើយថ្ងៃអនាគត នឹងអនុវត្ដនៅតាមបណ្ដាខេត្ដផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់ លោកសាស្ដ្រាចារ្យ Steffen Flessa។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានលើកឡើងពីកិច្ចសហប្រតិបត្ដិការដ៏ល្អរវាងប្រទេសទាំងពីរ ជាង២០ឆ្នាំមកនេះ ជាពិសេសជួយវិស័យសុខាភិបាល ទៅលើផ្នែកការពង្រឹងសមត្ថភាព របស់វិទ្យាស្ថានស្រាវជ្រាវសាធារណៈ ក្នុងការផ្ដល់ការបណ្ដុះបណ្ដាលផ្នែកការងារគ្រប់គ្រងសេវាការ ពង្រឹងសមត្ថភាពនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថាន និងការស្រាវជ្រាវ។

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់អង្គការ GIZ និងលើកពីសមិទ្ធិផលសំខាន់ៗបស់ក្រសួងសុខាភិបាល ដែលមានការចូលរួមចំណែករបស់អង្គការផងដែរ។

លើសពីនោះ រដ្ឋមន្ដ្រី បានបង្ហាញពីមោទនភាពមួយដ៏សំខាន់ ក្នុងប្រព័ន្ធសុខាភិបាល គឺការលើកគុណភាពសេវា ដែលនៅក្នុងឆ្នំានេះ មន្ទីរពេទ្យសាធារណៈចំនួន៣០ ដែលបានទទួលជយលាភី ជាអង្គភាពគំរូ ក្នុងការផ្ដល់សេវាសាធារណៈ ដែលនេះបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ស្ថាប័ន ឬមូលដ្ឋានសាធារណៈ ក្នុងការលើកកម្ពស់គុណភាពនៃការផ្ដល់សេវា ជូនប្រជាពលរដ្ឋយើង៕