(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋកម្ពុជា-វៀតណាម ថែរក្សាបង្គោលព្រំដែន និងប្រែក្លាយព្រំដែន ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍជានិច្ចនិរន្តន៍ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ។

ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន អំឡុងពេលកម្ពុជា-វៀតណាម​ ចុះហត្ថលេខាលើឯកសារចំនួន២ អំឡុងទស្សនកិច្ចរបស់សម្តេច ទៅកាន់ទីក្រុងហាណូយ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងនោះមាន ទី១៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា និងទី២៖ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «សូមអំពាវនាវដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរ សូមចូលរួមជាមួយគ្នាថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍជានិច្ចនិរន្តរ៍ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ»

កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ ភាគីទាំងពីរបានបោះបង្គោល និងខណ្ឌសីមាបានចំនួន៨៤ភាគរយហើយ ដោយនៅសល់តែ ១៦% ទៀត នឹងខិតខំបន្តដោះស្រាយបញ្ចប់នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ពិធីចុះហត្ថលេខាលើឯកសារប្រវត្តិសាស្រ្តទាំងពីរនាថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសយើងទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឲ្យមោទនភាពបំផុត។

សម្តេចបានកោតសរសើរដោយស្មោះចំពោះវីរភាព ការពុះពារ តស៊ូ និងលះបង់ខ្ពស់របស់ក្រុមបច្ចេកទេសចម្រុះព្រំដែន និងអាជ្ញាធរដែនដីដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម បញ្ជាការដ្ឋានវិស្វកម្ម រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មការចម្រុះព្រំដែននៃប្រទេសយើងទាំងពីរដែលខិតខំបំពេញបានការងារជាប្រវត្តិសាស្ត្រនេះ ដោយជោគជ័យ។

សម្តេចបានគូសបញ្ជាក់ថា៖ «សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរ សម្រេចបាននេះ កើតចេញមកដោយការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។ ជាការពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ»

សម្តេចបានបន្តថា ជាការចាំបាច់ ដែលប្រទេសយើងទាំងពីរត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រវាងគណៈកម្មការចម្រុះព្រំដែន និងរវាងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ ដែលជាការរួមចំណែកដ៏ធំធេងមិនត្រឹមតែលើការងារ ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើន និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែជាទីលានប្រយុទ្ធ ចំការមីនតំបន់គេបោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍន៍អ្វីសោះនោះឲ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាឱឡារិកថា ដំណោះស្រាយបន្ត នៅតំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន និងតំបន់ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តន៍ជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែន មិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យសម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជានឹងប្រែក្លាយខ្សែព្រំដែនកម្ពុជាវៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃឲ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់គ្មានការភ័យខ្លាចទៅជាតំបន់ដែលមានជីវភាពធូរធា និងជាតំបន់មានការអភិវឌ្ឍសុខដុមណ៏កម្ម រុងរឿងតរៀងទៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖ ទន្ទឹមនឹងការបោះបង្គោលព្រំដែននៅតាមព្រំដែន កម្ពុជាកំពុងតែបន្តផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍន៍នៅតាមព្រំដែន។ កិច្ចការនេះ យើងបាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ក្នុងនោះ មានការកសាងហេដ្ឋារចនាសម្ពព័ន្ធ ផ្លូវគមនាគមន៍ ការបង្កើតទីផ្សារ និងតំបន់ផលិតកម្ម ដើម្បីឈានទៅដល់ការបន្តអភិវឌ្ឍរួមគ្នានៅតាមបណ្តោយព្រំដែន ដែលទីបំផុតប្រជាជនយើងទាំងពីរនឹងទទួលបាននូវផលប្រយោជន៍ពីកិច្ចការអភិវឌ្ឍន៍ទាំងអស់នេះ។ ថ្ងៃនេះ យើងមិនត្រឹមតែទទួលបានតែសមិទ្ធផលព្រំដែននោះទេ យើងក៏បានចុះសន្ធិសញ្ញាពាណិជ្ជកម្មព្រំដែនផងដែរ ដែលជាការឆ្លើយតបដល់ការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រទេសក្នុងមហាអនុតំបន់មេគង្គ និងថែមទាំងបានរួមចំណែកបង្កើនកិច្ចសហការល្អក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ទៀតផង៕