(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានចាប់ខ្លួនមនុស្ស៩នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅស្រុកបាធាយ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ​បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជាមួយជំនាញស្រុកជើងព្រៃ ស្រុកបាធាយ និងជំនាញអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបតែម្ដង ដោយប្រើវិធានញុះញង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញ ដកហូតបាន ម្សៅក្រាមពណ៌ចំនួន១៨កញ្ចប់ (ក្នុងនោះ ធំ០៣កញ្ចប់ មធ្យម០៤កញ្ចប់ តូច១១កញ្ចប់), ម៉ូតូចំនួន០៤គ្រឿង, ទូរស័ព្ទដៃចំនួន១០គ្រឿង និងដាវចំនួន០២ដើម។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕