(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា និងវៀតណាម។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចាត់ទុកលទ្ធផលនេះ ជាលទ្ធផលមួយដ៏រីករាយ និងគួរជាទីមោទនភាព។

កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ប្រទេសទាំងពីរក៏បានចុះសន្ធិសញ្ញារួមគ្នាមួយកំណត់ព្រំដែនប្រទេសទាំងពីរកាលពី១៩៨៥ និងបានធ្វើសន្ធិសញ្ញាបំពេញបន្ថែមមួយទៀតកាលពីឆ្នាំ២០០៥កន្លងទៅ ដើម្បីឈានទៅការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនរួមគ្នា។

ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះសម្រេចបានប្រមាណ ៨៤ភាគរយប៉ុណ្ណោះ។ បើទោះបីការបោះបង្គោលព្រំដែនមិនទាន់ចប់សព្វគ្រប់យ៉ាងណាក្តី កម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានព្រមព្រៀងគ្នាចុះហត្ថលេខាទទួលស្គាល់លទ្ធផលការងារដែលសម្រេចបាននេះ។

ពិធីចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន និងព្រំសីមា ដែលបានបោះ និងកំណត់រួចរាល់នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបភាពនៃនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ព្រមទាំងមន្ត្រីគណៈកម្មការព្រំដែនចម្រុះប្រទេសទាំងពីរ អភិបាលខេត្តមានព្រំដែនជាប់គ្នានៃប្រទេសទាំងពីរ និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងមន្ត្រីរបស់វៀតណាមទទួលបន្ទុកការងារព្រំដែន បានបង្ហាញពីការលំបាកជាច្រើនលើការងារបោះបង្គោលព្រំដែននេះ។ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា ការងារបោះបង្គោលព្រំដែននេះ មិនអាចសម្រេចទៅបាននោះឡើយ ប្រសិនបើគ្មានការជម្នះ និងពុះពារនូវឧបសគ្គទាំងពីមន្ត្រីគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ជាពិសេសបើគ្មានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំរបស់វៀតណាមទេនោះ។

សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានសម្តែងការរីករាយ និងពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបាននេះ។ ក្នុងសុន្ទរកថាមុនពិធីចុះហត្ថលេខា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលនេះបានបញ្ជាក់ពីដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ បានបោះជំហ៊ានទៅមុខជាលំដាប់គួរឱ្យមោទនភាពបំផុត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរសម្រេចបាននេះ កើតចេញដោយការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមកក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ»

បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ជារឿងដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសទាំងពីរ ដោយសារតែសំណល់នៃវិបត្តិប្រវត្តិសាស្ត្រ។ ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែចងចាំ ឈឺចាប់ និងចោទប្រកាន់វៀតណាមលួចយកទឹកដីរបស់ខ្លួនបង្កើតទៅជាវិវាទកម្មផ្លូវចិត្តរវាងប្រជាជាតិទាំងពីរ។ ក្នុងនោះអ្នកនយោបាយនៅកម្ពុជា ក៏តែងតែយកបញ្ហានេះធ្វើជាឈ្នាន់ដើម្បីស្វែងរកប្រជាប្រិយភាពនយោបាយរបស់ពួកគេផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនៃការបោះបង្គោលព្រំដែន និងការកំណត់ព្រំសីមារវាងប្រទេសទាំងពីរ ក៏ជាការរួមចំណែកបញ្ចប់វិវាទ និងទំនាស់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

«ជាការពិតប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ»។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បន្ថែម។

នៅក្នុងពិធីនេះទាំងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បានប្តេជ្ញាចិត្តផងដែរ ក្នុងការដោះស្រាយលើបញ្ហាព្រំដែនប្រមាណ ១៦ភាគរយទៀតដែលនៅសេសល់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តន៍ជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យសម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានអំពាវនាវទៅដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចូលរួមថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជានិច្ចនិរន្ត ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងពិធីនាព្រឹកមិញនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត ១លើ២៥ពាន់ចំនួន ៩២ផ្ទាំង ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់ បង្ហាញពីបង្គោលព្រំដែន និងខ្សែខណ្ឌសីមានៃប្រទេសទាំងពីរ។ បើតាមលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ផែនទីនេះនឹងត្រូវយកទៅតម្កល់នៅអង្គការសហប្រជាជាតិផងដែរ៕