(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ ពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក ដែលគិតជាទឹកប្រាក់ចំនួនជាង ២៤លានរៀល ដើម្បីបន្តនាំទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ។

កាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ សម្តេចព្រះឧត្តមចរិយា បានមានព្រះថេរដីកាកោតសរសើរគាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំង មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដោយសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ផ្ដល់ជួនទេយ្យទានសប្បុរសធម៌ចំនួនប្រមាណជាជា ២៤លានរៀន ទៅសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញផងដែរ។

សម្តេចព្រះឧត្តមចរិយាមានសង្ឃដីកាថា សម្រាប់វត្តស្រះចក ព្រះអង្គតែងតែចែករំលែកទេយ្យទាន និងបច្ច័យផ្តល់ទៅសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងមួយឆ្នាំ២ដង ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បន្តនាំទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយទេយ្យទាន និងបច្ច័យផ្តល់ទៅសាខាកាកបាទក្រហមកម្ពុជា នេះដោយសារតែព្រះអង្គមើលឃើញពីសកម្មភាពមនុស្សធម៌ដ៏ល្អរបស់ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយបានផ្តល់ជូនជនរងគ្រោះ និងអ្នករងគ្រោះដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ និងបានយកទៅប្រើប្រាស់ចំគោលដៅ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានថ្លែងអំណរព្រះគុណ អំណរគុណផងដែរ ចំពោះសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃគណៈកម្មការ អាចារ្យវត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ដែលនេះជាការចូលរួមចំណែកលើវិស័យមនុស្សធម៌ដល់ប្រពៃរវាងពុទ្ធចក្រ និងអាណាចក្រ។

លោកក៏បានសន្យាថា នឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម។ គួរបញ្ជាក់ថា ទេយ្យទានដែលសាខាកាកបាទក្រហមកម្ពុជា រាជធានីរាជធានីភ្នំពេញ ទទួលបានរួមមាន៖ គ្រឿងឧបភោគបរិភោគចំនួន៨មុខ សម្ភារៈប្រើប្រាស់ចំនួន២១សម្រាប់ និងថវិកាចំនួន៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ចំនួន២៤,២៥៤,៩០០រៀលឬស្មើនឹងជាង៦,០០០ដុល្លារផងដែរ៕