(ហាណូយ, វៀតណាម)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទីពីរនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នៃកងទ័ពប្រជាជនវៀតណាម និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបលោក ហូ ជីមិញ ផងដែរ។

ជាមួយអក្សរចារិកពណ៌មាស ដែលមានខ្លឹមសារដ៏ជ្រាលជ្រៅបំផុតនោះ សម្តេចតេជោ ហ៊ុន សែន បានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវីរយុទ្ធជន នៃកងទ័ពប្រជាជនវៀតណាម ដែលបានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេស និងប្រជាជនវៀតណាម ចេញពីអាណានិគមនិយម រហូតប្រទេសជាតិទទួលបានឯករាជ្យជាតិយ៉ាងពេញលេញ និងមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់បច្ចុប្បន្ន។

ដូចគ្នានឹងការគោរពវិញ្ញាណក្ខន្ធចំពោះយុទ្ធជនពលីវៀតណាមដែរ នៅស្តូបលោក ហូ ជីមិញ, សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តគោរពយ៉ាងអស់ពីដូងចិត្ត ជាមួយថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ដែលបានបាត់បង់នូវមេដឹកនាំដ៏ឆ្នើមរបស់ខ្លួន គឺលោក ហូ ជីមិញ។

លោក ហូ ជីមិញ ជាមេដឹកនាំវៀតណាម ដែលបានដឹកនាំ និងកសាងប្រទេសវៀតណាម ពីការបែកបាក់ និងមហន្តរាយបន្សល់ទុកពីសង្រ្គាម មហាវិនាដ្ឋសកម្ម រហូត ទទួលបាននូវការឯកភាពជាតិ និងកសាងប្រទេសពីគំនរផេះផង់ រហូតទទួលបាន នូវការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ជីវភាព រស់នៅរបស់ប្រជាជនវៀតណាម កាន់តែមានភាពល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសមានការប្រកួតប្រជែងជាមួយនិងបណ្តាប្រទេសក្នុងតំបន់ និងនៅលើសកលលោក៕