(ភ្នំពេញ)៖ ប្រតិភូនៃសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា រួមគ្នាជាមួយស្ថានទូតរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍របស់កម្ពុជា និងអេកូយុវទូត (Young Eco Ambassador) នឹងបញ្ចប់យុទ្ធនាការសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ជាមួយនឹងការសម្អាតទីសាធារណៈតាមបណ្តោយទន្លេសាប ចាប់ពីសួនជ្រោយចង្វារហូតដល់សហគមន៍នេសាទជិតសណ្ឋាគារសុខា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៧៖៣០ នាទីព្រឹកតទៅ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។

ការសម្អាតនេះ ដឹកនាំដោយលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក Franck Viault ភារធារីស្តីទី នៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លើសពីនេះ ប្រជាពលរដ្ឋ និងសកម្មជនបរិស្ថានប្រមាណជាង៣០០នាក់ រំពឹងថានឹងចូលរួមក្នុងយុទ្ធនាការ សម្អាតទីសាធារណៈនេះ។

សូមជម្រាបថា យុទ្ធនាការសម្អាតទីសាធារណៈនេះ គឺជាព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយក្រុមការងារអេកូយុវទូត ដើម្បីអបអរសាទរសប្តាហ៍បៃតងរបស់សហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញពនឿនការអនុវត្តវិធានការទូទាំងសកលលោក ដើម្បីឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក៕