(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ នឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ «គុណភាពគ្រូជាមូលដ្ឋានគ្រឹះ នៃយុគសម័យឌីជីថល» ក្នុងគោលបំណងជាការដឹងគុណដល់គ្រូបង្រៀនទាំងអស់ ដែលបានលះបង់កម្លាំងចិត្ត កម្លាំងកាយក្នុងការបង្ហាត់បង្រៀនសិស្ស ប្រកបដោយការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។

ពិធីនេះ នឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ដែលមានរយៈពេល ០១ថ្ងៃ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សមាគមបុគ្គលិកសិក្សាខ្មែរ និងដៃគូអភិវឌ្ឍពាក់ព័ន្ធចំនួន ១២០០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងបន្ថែមថា ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ ២០១៩ នេះក្រសួងនឹងរៀបចំកម្មវិធី ដូចខាងក្រោម៖

១៖ ប្រឡងប្រណាំង តែងនិពន្ធពានរង្វាន់ សម្តេចព្រះសង្ឃរាជ ជួន ណាត និងស្លុតកំណាព្យ ពានរង្វាន់ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ
២៖ ជ្រើសរើសវិទ្យាល័យ ចំនួន០៥ មានសិស្សទទួលបាននិទ្ទេស A ច្រើនជាងគេក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដើម្បីផ្តល់ជូនពានរង្វាន់ វិទ្យាល័យសិស្សពូកែ
៣៖ ជ្រើសរើសគ្រូបង្រៀន ចំនួន ១១រូប ដែលបានបង្រៀនសិស្សឲ្យទទួលបាននិទ្ទេស A ហើយមានពិន្ទុខ្ពស់បំផុត នៃមុខវិជ្ជានីមួយៗ ដើម្បីផ្តល់ជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ ធិបឌិន្ទ
៤៖ ផ្តល់ជូនបណ្ណសរសើរ ជូនដល់គ្រប់វិទ្យាល័យ ដែលមានសិស្សទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩
៥៖ ប្រឡងប្រណាំងស្នាដៃសិក្សាកថាលើប្រធានបទ «ហេតុអ្វីបានជាខ្ញុំជ្រើសរើសអាជីពជាគ្រូបង្រៀន»?
៦៖ វេទិកាពិភាក្សាលើប្រធានបទ ចំនួន៣ រួមមាន៖ ១. បទពិសោធការកែលម្អការគ្រប់គ្រងតាមសាលារៀន, ២. រួមគ្នាវិនិយោគលើវិស័យអប់រំ ដើម្បីមូលធនមនុស្ស និង៣. ហេតុអ្វីបានជាខ្ញុំជ្រើសរើសអាជីពជាគ្រូបង្រៀន?