(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសរៀបចំពិធីជួបជុំសំណេះសំណាលជាមួយ វិនិយោគិនវៀតណាមនៅកម្ពុជា នៅមុនបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម ជារៀងរាល់ឆ្នាំ ដើម្បីអាចនិយាយគ្នាទាក់ទិននឹងបញ្ហានៃការរកស៉ីជាមួយគ្នាផង ហើយឆ្លៀតឱកាសជូនពរអ្នកវិនិយោគផង។

ការប្រកាសរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម ចូលរួម សន្និសីទកម្ពុជា-វៀតណាម ស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម នៅទីក្រុងហាណូយ នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងនឹងមានការជួបជុំមួយឆ្នាំម្តង នៅមុនពេលចូលឆ្នាំវៀតណាម រវាងអ្នកវិនិយោគវៀតណាម និងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជូនពរចូលឆ្នាំ ព្រោះពេលហ្នឹង យើងអាចនិយាយគ្នាទាក់ទិននឹងបញ្ហា នៃការរកស៉ីជាមួយគ្នាផង ហើយឆ្លៀតឱកាសនោះ ខ្ញុំក៏អាចជូនពរចំពោះអ្នកវិនិយោគ ដែលទៅវិនិយោគនៅវៀតណាមផងដែរ»។

ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានប្រកាសស្វាគមន៍ ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគវៀតណាម ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។

សម្តេចថ្លែងថា «ខ្ញុំសូមអំពាវនាវដល់ធុរជន និងអ្នកវិនិយោគវៀតណាមដែលធ្លាប់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ឬសហការវិនិយោគរួមគ្នាជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងកម្ពុជា និងវៀតណាម»

សម្តេចតេជោនាយករដ្ឋមន្រី្ត ក៏បានប្រកាសច្បាស់ៗ ក្នុងការធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕