(ហាណូយ,វៀតណាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ចំនួនទេសចរវៀតណាម បានមកទស្សនានៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ៤៧ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ កន្លងទៅ។

ការលើកឡើងបែបនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រលប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងសន្និសីទកម្ពុជា-វៀតណាម ស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្ម នៅទីក្រុងហាណូយ ប្រទេសៀវតណាម ដែលមានការអញ្ជើញចូលរួមពី លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ៖ «ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០១៩នេះ ចំនួនទេសចរវៀតណាម មកកម្ពុជា មានចំនួនប្រមាណជាង ៤៧ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ៤,៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ កន្លងទៅ»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ចំពោះវិស័យទេសចរណ៍ ក្នុងចំណោមទេសចរបរទេសដែលបានមកទស្សនានៅកម្ពុជា ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី២ នៅឆ្នាំ២០១៧ និង២០១៨។ ទន្ទឹមនឹងនេះ ចំនួនភ្ញៀវទេសចរនៃប្រទេសទាំងពីរ រំពឹងថានឹងមានកំណើនបន្ថែមទៀត តាមរយៈការពន្លឿនសកម្មភាពផ្សព្វផ្សាយ និងការបង្កើនការតភ្ជាប់ក្នុងចំណោមគោលដៅ និងផលិតផលទេសចរណ៍។

សម្តេចបានបន្ថែមទៀតថា ជាក់ស្តែងជើងហោះហើរត្រង់ ភ្នំពេញ-ដាណាំង នឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗខាងមុខនេះ បន្ថែមលើជើងហោះហើរ កម្ពុជា-វៀតណាម ដែលមានស្រាប់ចំនួន១១២ជើង ក្នុងមួយសប្តាហ៍។

សូមបញ្ជាក់ថា ក្នុងពេល៧ខែដើមឆ្នាំ២០១៩ ទេសចរអន្តរជាតិសរុបមកទស្សនាកម្ពុជាមានប្រមាណ ៣.៨៤លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេបង្អស់។

ជាចក្ខុវិស័យ នៅឆ្នាំ២០១៩ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ៦.៦លាននាក់ ឆ្នាំ២០២០ អាចទទួលបានជាង ៧លាននាក់ ឆ្នាំ២០២៥ អាចទទួលបាន ១១លាននាក់ និងនៅឆ្នាំ២០៣០ អាចទទួលបាន ១៥លាននាក់៕