(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីភាព ប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ របាយការណ៍ស្រាវជ្រាវថ្មីចំនួន២ ដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា» និង «ការកាត់បន្ថយហានិភ័យវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ នៅប្រទេសកម្ពុជា (DREI)»

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួងពាក់ព័ន្ធនានា ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពី តំណាងស្ថាប័ន រដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជនផងដែរ។

របាយការណ៍ទាំង២នេះ បានរៀបចំដោយអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ដែលបានសហការយ៉ាងជិតស្និទ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្ថានទូតស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា (CCCA)។ តាមការសិក្សាស្រាវជ្រាវថ្មីៗ ចំនួន២បង្ហាញថា វិធានការសាធារណៈអាចបង្កើនការវិនិយោគ លើការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលពន្លឺព្រះអាទិត្យ។ វិធានការគោលនយោបាយសាធារណៈទាំងនេះ អាចកាត់បន្ថយហានិភ័យ និងជួយសម្រួលនូវបរិយាកាស អំណោយផល សម្រាប់វិនិយោគិនវិស័យឯកជន ដែលមានបំណងវិនិយោគលើវិធានការបន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើគម្រោងថាមពលពន្លឺព្រះអាទិត្យ។

លោក សាយ សំអាល់ បានថ្លែងថា របាយការណ៍ទាំងពីរនេះ មានទំនាក់ទំនងជាមួយនឹងគោលដៅរួមក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ លោកបានបន្តថា របាយការណ៍ស្ដីពីដំណោះស្រាយផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ លើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា បានរកឃើញថា ត្រឹមឆ្នាំ ២០៥០ ការប្រែប្រួលអាកាសធាតុនឹងនាំ ឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) នៅកម្ពុជាថយចុះ ៩,៨% ដោយសារការថយចុះផលិតភាពរបស់កម្មករនិយោជិត ព្រោះតែកំណើនសីតុណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ការបាត់បង់ទិន្នផល កសិកម្មជាដើម។

លោកបានបន្តថា ជាការឆ្លើយតប របាយការណ៍នេះបានដាក់ជូននូវអនុសាសន៍គោលនយោបាយ សម្រាប់គាំទ្រវិនិយោគលើការបន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា រហូតដល់ ២ ភាគ៣។

ស្របពេលជាមួយគ្នានេះដែរ របាយការណ៍ DREI បានបង្ហាញពីបណ្តាវិធានការដែលមានប្រសិទ្ធភាពចំណាយ សម្រាប់ជំរុញឱកាសវិនិយោគ ក្នុងអនុវិស័យថាមពលពន្លឺព្រះអាទិត្យទាំង៤ ទី១៖ ថាមពលពន្លឺព្រះអាទិត្យខ្នាតធំ, ទី២៖ ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅលើដំបូល, ទី៣៖ ប្រព័ន្ធបណ្តាញខ្នាតតូចថាមពលពន្លឺព្រះអាទិត្យនិងអាគុយ និង៤)ប្រព័ន្ធពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ។ របាយការណ៍នេះ ក៏បានរកឃើញផងដែរថា ការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យត្រឹមតែជាង ៧០០MW អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ប្រមាណ ៨,៧ លានតោនដោយផ្ទាល់ត្រឹមឆ្នាំ២០៤៥។

បើតាមលោក រស់ សីលវ៉ា បានថ្លែងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី ដែលងាយទទួលរងគ្រោះខ្លាំង ដោយសារការប្រែប្រួល អាកាសធាតុ ខណៈដែលសមត្ថភាពស្ថាប័ន ក្នុងការកាត់បន្ថយ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៅមានកម្រិតនៅឡើយ។ នេះជាហានិភ័យមួយដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ល្បឿននៃការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ប្រសិនបើយើងមិនបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយរួមគ្នា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការឆ្លើយតប ទៅនឹងការប្រែប្រួល អាកាសធាតុជាអាទិភាពសំខាន់មួយដោយ បានដាក់បញ្ចូល ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣)។

លោក រស់ សីលវ៉ា បានសង្កត់ធ្ងន់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុត្រូវមានលក្ខណៈប្រទាក់ក្រឡា និងបំពេញបន្ថែម គ្នាទៅវិញទៅមក ក្នុងចំណោមស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋទូទៅ។ ជាការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ និងការបង្កើនភាពប្រកួតប្រជែង និង កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានគិតគូរកែលម្អគោលនយោយបាយជាតិស្តីពីថាមពល ជាពិសេសការធ្វើពិពិធកម្មទៅរកថាមពលកកើតឡើងវិញ ពោលការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

របាយការណ៍ DREI របស់កម្ពុជា គឺជារបាយការណ៍ស្ដីពីការកាត់បន្ថយហានិភ័យទីមួយនៅលើពិភពលោក ដែលផ្ដោតជាក់លាក់ លើថាមពលពន្លឺព្រះអាទិត្យ ដោយបានសិក្សាលើបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋផង និងដែលមិនភ្ជាប់ ជាមួយនឹងបណ្ដាញរដ្ឋផង។ ឱកាសភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋ(ប្រព័ន្ធខ្នាតធំ និងប្រព័ន្ធបំពាក់លើដំបូល) មានសក្តានុពលផ្ដល់នូវប្រភពថ្មី សម្រាប់ផលិតអគ្គិសនីដែលស្អាត និងមានការប្រកួតប្រជែងផ្នែកតម្លៃ ព្រមទាំងលើកកម្ពស់សន្តិសុខថាមពលសម្រាប់ប្រទេសកម្ពុជា។ បច្ចេកវិទ្យាថាមពលពន្លឺ ព្រះអាទិត្យដែលមិនភ្ជាប់ជាមួយនឹងបណ្ដាញរដ្ឋ (ប្រព័ន្ធបណ្តាញខ្នាតតូចថាមពលពន្លឺព្រះអាទិត្យ និងអាគុយ និងប្រព័ន្ធថាមពន្លឺព្រះអាទិត្យដែលបំពាក់តាមផ្ទះ) មានសក្តានុពលបង្កើនលទ្ធភាពទទួលបានថាមពល និងគុណភាពនៃសេវា
ថាមពលនៅតាមតំបន់ដាច់ស្រយាល)។

គំរូនេះបង្ហាញថា ការចាត់វិធានការកាត់បន្ថយហានិភ័យ ដូចដែលផ្ដល់ជូនជាអនុសាសន៍ទាំងនេះនឹងនាំមកនូវការសន្សំសំចៃ។ គំរូនេះអស់ចំណាយប្រមាណ ៦៨លានដុល្លារ (គិតរហូតដល់ឆ្នាំ ២០៣០) និងអាចនាំឱ្យមានការសន្សំប្រាក់បាន ១៤៦ លានដុល្លារសម្រាប់សេដ្ឋកិច្ច។ ខណៈពេលដែលភាពជឿនលឿនខាងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងថាមពលស្អាត ដំបូងឡើយបានផ្ដល់នូវលទ្ធភាពឱ្យគេអាចច្របាច់វិធានការអាកាសធាតុ និងកំណើនសេដ្ឋកិច្ចបញ្ចូលគ្នា វិធានការគោលនយោបាយ សាធារណៈ ដូចជា វិធានការដែលបានផ្ដល់ជាអនុសាសន៍នៅក្នុងរបាយការណ៍នេះ មានតួនាទីយ៉ាងសំខាន់ដើម្បីជួយពង្រឹង និងសម្របសម្រួល ដល់ទំនាក់ទំនងបែបនេះនៅក្នុងការអនុវត្តជាក់ស្ដែង៕