(ភ្នំពេញ)៖ ក្នុងខែកញ្ញា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិការពី សប្បុរសជនចំនួន ១៨២,៦០៦,៣០៩រៀល និង៨៨១,១១២ ដុល្លារអាមេរិក។

បន្ថែមពីនេះមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានសមាជិកបន្ថែមសរុបចំនួន៣,៥៨៤រូបរួមមាន៖ សមាជិកកិត្តិយសចំនួន៥រូប, សមាជិកគាំទ្រចំនួន៣,១៤៦រូប និងសប្បុរសជនផ្សេងៗចំនួន៤៣៣រូប។

សូមបញ្ជាក់ថា ក្នុងខែកញ្ញានេះមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាចំនួន៨ប៊ីលានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រើប្រាស់ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលដល់ទារក និងកុមារផងដែរ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាព របស់កុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្ត ដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានាឱ្យបន្តចូលរួមបរិច្ចាគ ជាមួយមូលនិធិគន្ធបុប្ផា-កម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០ (ម្ភៃលាន) រៀល/៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០,០០០ (ហុកសិបពាន់ )រៀលក្នុងមួយឆ្នាំ។

ក្នុងករណីលោក-លោកស្រី លោកឧកញ៉ាអ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមក លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ ក្នុងបញ្ជីរួមតែមួយដែលបង្ហាញពី សាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕