(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យគ្រប់មជ្ឈដ្ឋានទាំងអស់ ប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធានាគុណភាព និងនិរន្តរភាពបរិស្ថាន នៅកម្ពុជា។

ការជំរុញបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការលើកទឹកចិត្តមេត្រីភាពបរិស្ថាន» ដែលរៀបចំឡើយដោយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីយុវជន និងនិស្សិតជាង ១០០នាក់ នៅរាជធានីភ្នំពេញ។

ជាមួយនេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន ក៏បានបង្កើតឱ្យមានគោលការណ៍លើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន វិញ្ញាបនបត្រទទួលស្គាល់ ការប្រកួតប្រជែងពានរង្វាន់ និងមេដាយដល់រូបវន្តបុគ្គល និងនីតិបុគ្គល ក្រសួង ស្ថាប័ន អង្គភាព សហគ្រាស រោងចក្រ ដែលបានចូលរួមសកម្មភាពមេត្រីភាពបរិស្ថានផ្តោតសំខាន់ទៅលើការលើកទឹកចិត្តដល់រូបវន្តបុគ្គល ដែលមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន។

លោក នេត្រ ភក្ត្រា បានលើកឡើងថា ការមានទម្លាប់ល្អចំពោះបរិស្ថាន ឬការធ្វើសកម្មភាពមេត្រីភាពបរិស្ថានមិនមែនជាការលំបាកទ្បើយ ប៉ុន្តែអ្វីដែលលំបាក គឺឥរិយាបថអវិជ្ជមាន ចំពោះបរិស្ថានរបស់យើងទៅវិញទេ។ ដូចនេះ ការកែប្រែផ្នត់គំនិត និងឥរិយាបថអវិជ្ជមាន ចំពោះបរិស្ថានទៅជាការធ្វើសកម្មភាពប្រតិបត្តិមេត្រីភាព បរិស្ថាន គឺជាកត្តាមួយចាំបាច់ដោយចាប់ផ្តើម ពីបុគ្គលយើងម្នាក់ៗ បន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រការសំខាន់ក្នុងការចាប់ផ្តើមមានទម្លាប់ល្អខាងបរិស្ថាន គឺផ្តើមចេញពីការចេះឈឺឆ្អាល ក្នុងការសម្អាតអនាម័យបរិស្ថាន ការទុកដាក់វេចខ្ចប់សំណល់ដែលយើងបង្កើតទ្បើងឱ្យបានត្រឹមត្រូវ ពោលគឺចេះទុកដាក់សំណល់សំរាមក្នុងធុង មិនបោះចោលសំរាមពាសវាលពាសកាល ចេះសន្សំសំចៃថាមពលនៅផ្ទះ និងនៅកន្លែងធ្វើការ ចេះសន្សំសំចៃការប្រើប្រាស់ទឹក ការដាំដើមឈើ និងរុក្ខជាតិផ្សេងទៀត ដើម្បីបរិស្ថានបៃតង»។

ទន្ទឹមនឹងនេះដែរ រដ្ឋលេខាធិការក្រាសួងបរិស្ថាន បានបន្ថែមថា ការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍ ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការបែ្រប្រួលអាកាសធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតង ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការរស់នៅដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម។

លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសយុវជន សិស្ស និស្សិត ដែលជាសរសរទ្រូងដ៏រឹងម៉ាំរបស់ប្រទេសជាតិ សូមចូលរួមអនុវត្តទម្លាប់ល្អ ស្រឡាញ់ និងថែរក្សាបរិស្ថាន ឱ្យកាន់តែច្រើនឡើងៗ ដើម្បីប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេស មានបរិស្ថានស្អាត មានខ្យល់បរិសុទ្ធ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅ ដោយចីរភាពនៅកម្ពុជា។

ទាក់ទងនឹងបញ្ហានេះដែរ លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ដើម្បីកែប្រែផ្នត់គំនិត សាធារណជន ឱ្យមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមថែរក្សា ការពារបរិស្ថាន គឺមិនមែនជាការងាយស្រួលនោះទេ យើងចាំបាច់ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការចូលរួមរបស់បុគ្គលម្នាក់ៗ ដើម្បីសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។ តាមរយៈវេទិការនៅថ្ងៃនេះ អ្នកចូលរួមជាពិសេសយុវជនកម្ពុជា នឹងបន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។

សូមជម្រាបថា នៅក្នុងនីតិកាលទី៦ នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤» បន្តពីយុទ្ធសាស្ត្រចតុកោណដ៏ជោគជ័យចំនួន៣ ដំណាក់កាលកន្លងមក ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ទៅលើការសម្របខ្លួនរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព បន្ថែមលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គមជាច្រើន ដែលសម្រេចបានក្នុងនីតិកាលមុនៗ។ ជាក់ស្តែង កញ្ចប់ថវិកាជាតិ ដែលត្រូវបានវិភាជន៍ សម្រាប់ការចំណាយលើការងារប្រែប្រួលអាកាសធាតុ មានការកើនឡើងជាលំដាប់ ហើយការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងផ្នែកបម្រែបម្រួលអាកាសធាតុ បានកើនឡើងជាង ៣ដង នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ឆ្លើយតបនឹងនិន្នាការឈានឡើងយ៉ាងឆាប់រហ័សនៃសង្គមកម្ពុជា ក្រសួងបរិស្ថានបានខិតខំលើកកម្ពស់ ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខណ្ឌច្បាប់និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់អនុលោមភាពទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា សំដៅរួមគ្នាការពារបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងន័យនេះ ក្រសួងបាននឹងកំពុងកសាង ព្រមទាំងពង្រឹងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក និងថង់ប្លាស្ទិក ជាដើម។ ក្រសួងក៏កំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញចលនាប្រឡងប្រណំាងទីក្រុងឈានមុខ គម្រោង បៃតង ការគ្រប់សំរាមសំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្តកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពលនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដែលបង្កលក្ខណៈឱ្យមានបរិស្ថាននៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាភាពចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅរួមមួយ ពោលគឺការក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយដ៏រស់រវើក គុណភាព និងនិរន្តរភាពបរិស្ថាន និងកេរ្តិ៍ដំណែលធនធានធម្មជាតិរបស់កម្ពុជា ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប»