(ណៃពីដោរ, មីយ៉ាន់ម៉ា)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៧ រៀបចំធ្វើឡើងនៅទីក្រុងណៃពីដោរ ប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ប្រទេសសមាជិកអាស៊ាន ដែលទទួលបន្ទុកលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអគ្គលេខាធិការអាស៊ាន លោក ដាតុ លីម ចុក ហ៊ុយ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងស្វាគមន៍ក្នុងកិច្ចប្រជុំនោះនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានសំដែងនូវការអបអរសាទរ និងថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ា និងអ្នករៀបចំ ដែលបានរៀបចំដ៏ល្អប្រសើរ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះប្រតិភូកម្ពុជា និងបណ្តាប្រទេសដទៃទៀត។

លោក គន់ គីម បានលើកឡើងកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងប្រទេសសមាជិកអាស៊ាន។ លោកមានជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំនេះជាបុព្វហេតុដ៏ធំមួយ នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការកសាងភាពធន់ នៅក្នុងតំបន់។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ប្រធានបទ «ការតភ្ជាប់ រវាងការស្តារឡើងវិញក្រោយគ្រោះ មហន្តរាយ ទៅនឹងភាពធន់» សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅឆ្នាំនេះ វាស្របជាមួយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយហានិភ័យគ្រោះមហន្តរាយ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយមានការគិតគូរពីហានិភ័យគ្រោះមហន្តរាយ ឱ្យកាន់តែប្រសើរក្នុងការអភិវឌ្ឍ, ការសាងសង់, និងការថែទាំ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អាចបន្តដំណើរការបាន នៅអំឡុងពេល និងក្រោយពេលមានគ្រោះមហន្តរាយ ដូចស្ពាន និងការទប់បាក់ស្រុតច្រាំងជាដើម។

ក្នុងកិច្ចប្រជុំនេះ លោក គន់ គីម ក៏បានសម្តែងការកោតសរសើរខ្ពស់ ចំពោះក្រុមប្រឹក្សាជាតិគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ ប្រទេសហ្វីលីពីន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ (មជ្ឈមណ្ឌល-អាហា) ដែលបានទទួលធ្វើជាអ្នករៀបចំលំហាត់សមយុទ្ធ ឆ្លើយតបគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានលើកទី៨ នៅឆ្នាំ២០២០ (អារដិច ARDEX-២០) ហើយយើងក៏សូមឱ្យដំណើរការ អារដិច-២០នេះ ទទួលបានជោគជ័យធំធេង។

លោកបានអះអាងនៅក្នុងកិច្ចប្រជុំនោះថា កម្ពុជាបន្តគាំទ្រដល់ដំណើរការរៀបចំសេចក្តីព្រាង នៃកម្មវិធីការងាររបស់កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន (អាត់មែរ-AADMER) សម្រាប់ឆ្នាំ ២០២១-២០២៥ ដែលនឹង ឆ្លុះបញ្ជាំងពីទិដ្ឋភាពសង្គមទាំងមូល សម្រាប់ការអនុវត្តទូលំទូលាយ និងទាន់ ពេលវេលា។ កម្ពុជាទន្ទឹងចាំការចូលរួមយ៉ាងសកម្មនៅក្នុងសន្និសីទជាន់ខ្ពស់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នៅខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ក៏ដូចជាសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅខែមិថុនា ឆ្នាំ២០២០ នៅទីក្រុងប្រ៊ីសបេន។

លោក គន់ គីម ក៏បានបង្ហាញនូវជំហរគាំទ្រដល់គំនិតផ្តួចផ្តើម នៃការបង្កើតបណ្តាញរឹងមាំរវាង (អេស៊ីឌីអិម-ACDM) និងទីភ្នាក់ងារឈានមុខ នៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ក្នុងគោលបំណងផ្តល់ការកសាងសមត្ថភាព ការផ្លាស់ប្តូរការអនុវត្តល្អៗ ដើម្បីបង្កើនសុវត្ថិភាព និងកិច្ចប្រតិបត្តិការ នៅក្នុងតំបន់អាស៊ានផងដែរ៕